លោក ត្រាំ ថាក្រុមហ៊ុនប្រេងអាមេរិក នឹងបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ក្នុងប្រទេសវេណេស៊ុយអេឡា

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមហ៊ុនប្រេងរបស់អាមេរិក នឹងបោះទុនវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកសាងវិស័យថាមពលរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើងនៅឯវិឡា Mar-a-Lago របស់លោក ពោលគឺនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ។

លើសពីនេះ លោក ត្រាំ បាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងនាំយកក្រុមហ៊ុនប្រេងធំៗបំផុតរបស់ពិភពលោកមកវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសវេណេស៊ុយអេឡា។ ក្រុមហ៊ុនទាំងនេះនឹងចំណាយទឹកប្រាក់សម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេងឆៅដែលទ្រុឌទ្រោមនៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

ចាប់តាំងពីមានប្រតិបត្តិការឈានដល់ការចាប់ខ្លួនមេដឹកនាំលោក Maduro មក លោកត្រាំ បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡារហូតដល់ការផ្លាស់ប្តូរដោយសុវត្ថិភាពត្រូវបានសម្រេច។ លោកមិនចង់ឱ្យមេដឹកនាំថ្មីដែលជំនួសលោក Maduro ធ្វើនូវសកម្មភាពដដែលទៀតនោះឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡានឹងក្លាយជាភាពជាដៃគូ​ហើយជឿជាក់ថា នេះនឹងជួយប្រជាជនវេណេស៊ុយអេឡាឱ្យក្លាយជាអ្នកមាន ឯករាជ្យ និងមានសុវត្ថិភាព។

ជម្រាបជូនថា វេណេស៊ុយអេឡា គឺជាសមាជិកស្ថាបនិកមួយរូបនៃអង្គការប្រទេសនាំចេញប្រេង (OPEC) និងមានទុនបំរុងប្រេងធំជាងគេមួយចំនួនរបស់ពិភពលោក។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) វេណេស៊ុយអេឡាមានប្រេងឆៅប្រហែល ៣០៣ ពាន់លានបារ៉ែល ដែលស្មើនឹងប្រហែល ១៧% នៃទុនបំរុងប្រេងសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២៣៕​