ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមហ៊ុនប្រេងរបស់អាមេរិក នឹងបោះទុនវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកសាងវិស័យថាមពលរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើងនៅឯវិឡា Mar-a-Lago របស់លោក ពោលគឺនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ។
លើសពីនេះ លោក ត្រាំ បាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងនាំយកក្រុមហ៊ុនប្រេងធំៗបំផុតរបស់ពិភពលោកមកវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសវេណេស៊ុយអេឡា។ ក្រុមហ៊ុនទាំងនេះនឹងចំណាយទឹកប្រាក់សម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេងឆៅដែលទ្រុឌទ្រោមនៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។
ចាប់តាំងពីមានប្រតិបត្តិការឈានដល់ការចាប់ខ្លួនមេដឹកនាំលោក Maduro មក លោកត្រាំ បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡារហូតដល់ការផ្លាស់ប្តូរដោយសុវត្ថិភាពត្រូវបានសម្រេច។ លោកមិនចង់ឱ្យមេដឹកនាំថ្មីដែលជំនួសលោក Maduro ធ្វើនូវសកម្មភាពដដែលទៀតនោះឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡានឹងក្លាយជាភាពជាដៃគូហើយជឿជាក់ថា នេះនឹងជួយប្រជាជនវេណេស៊ុយអេឡាឱ្យក្លាយជាអ្នកមាន ឯករាជ្យ និងមានសុវត្ថិភាព។
ជម្រាបជូនថា វេណេស៊ុយអេឡា គឺជាសមាជិកស្ថាបនិកមួយរូបនៃអង្គការប្រទេសនាំចេញប្រេង (OPEC) និងមានទុនបំរុងប្រេងធំជាងគេមួយចំនួនរបស់ពិភពលោក។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) វេណេស៊ុយអេឡាមានប្រេងឆៅប្រហែល ៣០៣ ពាន់លានបារ៉ែល ដែលស្មើនឹងប្រហែល ១៧% នៃទុនបំរុងប្រេងសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២៣៕

