ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិក អាចនឹងដំឡើងពន្ធលើប្រទេសឥណ្ឌា ប្រសិនបើទីក្រុងញូវដេលីមិនអាចបំពេញតាមតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ការទិញប្រេងរបស់រុស្ស៊ីបានទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ជុំវិញការបន្តទិញប្រេងរបស់ឥណ្ឌា ពីរុស្ស៊ីថា ៖” នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi គឺជាមនុស្សល្អ។ គាត់ដឹងថាខ្ញុំមិនសប្បាយចិត្តហើយវាជារឿងសំខាន់ក្នុងការធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ពួកគេធ្វើពាណិជ្ជកម្ម ហើយយើងអាចដំឡើងពន្ធលើពួកគេបានយ៉ាងឆាប់រហ័ស”។
យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចរចាពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធនាំចូលទ្វេដងលើទំនិញឥណ្ឌាដល់ ៥០% កាលពីឆ្នាំមុន ដែលជាការដាក់ទណ្ឌកម្មចំពោះការទិញប្រេងរបស់រុស្ស៊ីយ៉ាងច្រើន។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះ បានធ្វើឲ្យទីផ្សារហ៊ុនរបស់ឥណ្ឌា មានភាពវឹកវរយ៉ាងខ្លាំង ដោយសន្ទស្សន៍ភាគហ៊ុនបច្ចេកវិទ្យារបស់ប្រទេសនេះ បានធ្លាក់ចុះអស់ប្រហែល ២,៥% ដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយខែចុងក្រោយ ខណៈពេលដែលវិនិយោគិនមានការព្រួយបារម្ភថាទំនាក់ទំនងពាណិជ្ជកម្មដ៏តានតឹងនេះអាចពន្យារពេលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងឥណ្ឌា បន្ថែមទៀត៕

