ក្រុមហ៊ុន Orsted ដែលជាអ្នកអភិវឌ្ឍថាមពលខ្យល់ធំបំផុតរបស់ប្រទេសដាណឺម៉ាក រួមជាមួយរដ្ឋ Rhode Island និងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំការបញ្ជាឲ្យបញ្ឈប់គម្រោងថាមពលខ្យល់នៅតាមបណ្តោយឆ្នេរសមុទ្រ ដែលខិតជិតនឹងបញ្ចប់ទៅហើយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញពាក្យបណ្តឹងដែលធ្វើឡើងដោយក្រុមហ៊ុន Orsted និងរដ្ឋាភិបាលរបស់រដ្ឋដ៏ធំរបស់អាមេរិកទាំងពីរនេះ បានចោទប្រកាន់ថាការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការបញ្ឈប់ការសាងសង់គម្រោង Revolution Wind ដែលជិតរួចរាល់ហើយនោះ ជារឿងខុសច្បាប់។
គួរឲ្យដឹងថា Revolution Wind គឺជាគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រ រដ្ឋRhode Island និង Connecticut ។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់ ៨០% ទៅហើយ ជាមួយនឹងការដំឡើងទួរប៊ីនខ្យល់បានចំនួន ៤៥ ក្នុងចំណោមចំនួនសរុប ៦៥ ទួរប៊ីន។ ហើយនៅពេលបញ្ចប់ការសាងសង់ វាត្រូវបានគេរំពឹងថានឹងអាចផ្តល់ថាមពលដល់ផ្ទះជាង ៣៥០,០០០ ខ្នងនៅក្នុងរដ្ឋទាំងពីរ។
ប៉ុន្តែទោះជាយ៉ាងណា កាលពីចុងខែមុន ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិកបានបញ្ជាភ្លាមៗឱ្យក្រុមហ៊ុន Orsted បញ្ឈប់ការសាងសង់លើគម្រោងនេះ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិដែលមិនបានបញ្ជាក់ច្បាស់លាស់។ Orsted និងក្រុមហ៊ុនដៃគូរបស់ខ្លួន Skyborn Renewables បានចំណាយទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លាររួចទៅហើយ លើគម្រោងនេះ ។
ជាលទ្ធផល ក្រុមហ៊ុន Orsted បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធនៅស្រុក Columbia ដោយប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Doug Burgum និងសហការីរបស់លោក ដោយសុំឱ្យតុលាការលុបចោលការសម្រេចនេះវិញ។ រដ្ឋាភិបាលនៃរដ្ឋ Rhode Island និង Connecticut ក៏បានដាក់ពាក្យបណ្តឹងដូចគ្នានេះផងដែរ ទៅកាន់តុលាការសហព័ន្ធនៅកោះ Rhode ៕

