លោក ថាក់ស៊ីន ជោគជ័យក្នុងមុខជំនួញ តែបរាជ័យក្នុងឆាកនយោបាយ

អន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអ្នកជំនួញដ៍លេចធ្លោមួយរូបក្នុងប្រទេសថៃ និងជុំវិញពិភពលោកដែលទទួលបានជោគជ័យ ប៉ុន្តែលោកត្រូវបានក្រុមអ្នកវិភាគ ព្រមទាំងមហាជនចាត់ទុកថា បរាជ័យក្នុងឆាកនយោបាយ ខណៈរូបលោក និងប្អូនស្រី គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ដូចគ្នា ដោយអ្នកទាំងពីរត្រូវនិរទេសហើយមិនអាចវិលត្រឡប់ចូលទៅស្រុកកំណើតវិញបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨១ លោក ថាក់ស៊ីន បានទទួលដំណែងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងព័ត៌មាននៃអគ្គស្នងការនគរបាលជាតិថៃ។ ស្របពេលជាមួយគ្នានោះរាជរដ្ឋាភិបាលថៃ កង្វះថវិកាដើម្បីទិញកុំព្យុទ័រមកប្រើប្រាស់ ដូច្នោះហើយបានជាភ្នាក់ងាររដ្ឋមានតែប្រើវិធីជួលកុំព្យុទ័រពីក្រុមហ៊ុនឯកជនប៉ុណ្ណោះ ដើម្បីបំពេញការងារ និងប្រត្តិបត្តិឲ្យទាន់សម័យកាល។

ដោយចេះចាប់យកឪកាសមាស ឪកាសប្រាក់កម្រនឹងកើតមានមកដល់ លោកថាក់ស៊ីន ចិញ្ចឹមចិត្តចង់បើកក្រុមហ៊ុន មិនបង្អង់យូរឡើយលោកក៏បង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា ICSC ហើយទទួលបានជោគជ័យខ្លាំង។ បន្ទាប់ពីមុខជំនួញដំបូងរបស់ខ្លួនជោគជ័យគួរជាទីមោទនៈ លោក ថាក់ស៊ីន បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន ស៊ីណាវ៉ាត្រា កុំព្យុទ័រ ចំកាត់ ព្រមទាំងពង្រីកសេវាបន្ថែមទៀត មានជាអាថ៍៖ ម៉ាស៊ីនដាក់តាមខ្លួនសម្រាប់ទទួលសារ ទូរសព្ទចល័ត សេវាផ្កាយរណប និងក្រុមហ៊ុនផ្គត់ផ្គង់អ៉ិនធើណេត រហូតប្រែក្លាយជាបណ្តាញធុរកិច្ចពេញលេញផ្នែកទំនាក់ទំនងដ៏សម្បូរបែបនៅក្នុងប្រទេសថៃ។

លុះមកដល់ឆ្នាំ១៩៩០ លោក ថាក់ស៊ីន បានចុះបញ្ជីក្រុមហ៊ុនរបស់លោកក្នុងទីផ្សារភាគហ៊ុន រហូតបានក្លាយជាក្រុមហ៊ុនធំមួយនៅប្រទេសថៃ មានឈ្មោះថា ស៊ីនខបភើរេស៉ិន ខណៈក្រុមហ៊ុនយក្សមួយនេះក៏បានហក់មកប្រឡូកក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ជាមួយនឹងពាណិជ្ជសញ្ញាថ្មីមួយទៀតគឺ ក្រុមហ៊ុនទូរសព្ទចល័ត ស៊ីនណាវ៉ាត្រា ០១១ ហើយត្រូវបានប្តូរឈ្មោះវិញ ដោយដាក់ថា ខែមឈីន ធ្វើឡើងបន្ទាប់មានបាតុកម្មនៅភ្នំពេញ នាឆ្នាំ២០០២។

លោកថាក់ស៊ីន បានផ្ទេរភាគហ៊ុនទាំងអស់ឲ្យទៅភរិយា គឺលោកស្រី ភុតចៈម៉ាន និងកូនទាំងបីគឺ លោក ផានថងឆៃ នាង ភិនថងថា និងនាង ភែថងថាន ជាអ្នកកាន់កាប់ភាគហ៊ុនជំនួសវិញ បន្ទាប់ពីលោកបង្កើតគណបក្សថ្មីដោយខ្លួនឯងដែលមានឈ្មោះថា «ថៃរ៉ាក់ថៃ Thai Rak Thai» ក្នុងឆ្នាំ១៩៩៨។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០១ គណបក្សដែលទើបតែបានបង្កើតឡើងថ្មីមួយនេះ ទទួលបានជ័យជម្នះ លោក ថាក់ស៊ីន ក៏បានក្លាយជានាយករដ្ឋមន្ត្រីថៃ។

នៅក្នុងអាជីពជាពាណិជ្ជករវិញ នៅខែមិថុនាឆ្នាំ ២០០៧ លោក ថាក់ស៊ីន បានទិញក្លឹប Premier League Manchester City ក្នុងតម្លៃ ៨១,៦ លានផោន (£81.6 million)។ ក្រោយមកមានការរិះគន់ចំពោះការបើកក្លឹបរបស់លោក ថាក់ស៊ីន។ ហើយបានរយៈពេល លោកក៏បានលក់ក្លឹបទៅអោយក្រុមហ៊ុន Abu Dhabi United Group នៅខែកញ្ញា ២០០៨ ក្នុងតម្លៃ ២០០លានដុល្លារ។

បន្ទាប់ពីលក់ Manchester City លោកថាក់ស៊ីន ត្រូវបានគេតែងតាំងជា “ប្រធានកិត្តិយស” ប៉ុន្តែមិនមានទំនួលខុសត្រូវផ្នែករដ្ឋបាលណាមួយឡើយ។ ទោះយ៉ាងណាក្រោយមកលោកត្រូវបានគេបណ្តេញចេញពីតំណែងជាប្រធានកិត្តិយសរបស់ក្លិបបន្ទាប់ពីក្លឹបបានប្រកាន់ជំហរប្រឆាំងនឹងលោកដែលកំពុងរត់គេចពីអាជ្ញាធរថៃ។

+ ពានរង្វាន់

-ឆ្នាំ ១៩៩២ លោក ថាក់ស៊ីន ទទួលបានពាន បុរសអ្នកជំនួញអាស៊ានប្រចាំឆ្នាំ Asean Business Man of the Year មកពីវិទ្យាស្ថានអាស៊ានដើម្បីសន្តិភាពនិងការផ្សះផ្សា (AIPR) 

-ឆ្នាំ ១៩៩៣ ពានរង្វាន់សុខុមាលភាពសង្គម ពីសមាគមទូរគមនាគមន៍ថៃ ដែលជាការចូលរួមអភិវឌ្ឍវិស័យទូរគមនាគមន៍ (Telecommunication Development for Social Welfare Award)

-ឆ្នាំ១៩៩៣ ពានរង្វាន់បុរសឆ្នើមប្រចាំឆ្នាំរបស់ទូរគមនាគមន៍ (Outstanding Telecom Man of the Year Award) ដែលត្រូវបានផ្តល់កិត្តិយសដោយកាសែតសឹង្ហបូរីថាមស៍ជាអ្នកជំនួញនាំមុខគេម្នាក់ក្នុងចំណោម ១២ នាក់នៅអាស៊ី 

-Asian CEO of the Year

-បណ្ឌិតកិត្តិយសផ្នែកសិល្បៈទំនាក់ទំនង Honorary Doctor of Arts (Communication Arts) ពីសាកលវិទ្យាល័យ Thammasart University ប្រទេសថៃ 

-ពានរង្វាន់ ជនជាតិថៃដំបូងគេដែលត្រូវបានផ្តល់សិទ្ធិឱ្យធ្វើជាសមាជិកផ្លាស់ប្តូរ“ លីក្វាន់យូ “Lee Kuan Yew Exchange Fellowship” ប្រទេសសឹង្ហបុរី

-មនុស្សម្នាក់ក្នុងចំណោម ៥០ នាក់ដែលមានឥទ្ធិពលនៅក្នុងពិភពលោកពីទស្សនាវដ្តី Time magazine (1 of 50 Influential people in The World from )

– ទូតសុច្ឆន្ទៈទំនាក់ទំនងថៃ – ហ្វីលីពីន ១ ក្នុងចំណោម ៣ ទូតសុច្ឆន្ទៈ ពីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រថៃ

-ពានរង្វាន់ផ្នែកយុត្តិធម៍ឧក្រិដ្ឋកម្មឆ្នើម ពីសាកលវិទ្យាល័យ Sam Houston State University

-ពានរង្វាន់អតីតនិស្សិតឆ្នើមពីសាកលវិទ្យាល័យ Sam Houston State University 

-ពានរង្វាន់កិត្តិយស The honorary award ពីសមាគមអ្នកថតរូបម៉ាស់មេឌា នៃប្រទេសថៃ 

-ពានរង្វាន់ អភ័យទោសអន្តរជាតិ ២០០៤ International Forgiveness Award

-សញ្ញាប័ត្របណ្ឌិតកិត្តិយស Honorary doctorate degree ពីសាកលវិទ្យាល័យ Plekhanov បណ្ឌិតសភាសេដ្ឋកិច្ចរុស្ស៊ី 

-ពានរង្វាន់ The ABLF Statesman Award 2012

-the Olympic Order from the International Olympic Committee ៕