រដ្ឋាភិបាល សម្រេចសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ នៅលើផ្ទៃដី ៣០០ហិកតា

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ធំ កាលថ្ងៃទី៧ មករា ឆ្នាំ២០២៦ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់ ជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) ដើម្បីសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក នួន ផារ័ត្ន ថ្លែងថា ចុះអនុស្សរណៈនេះ គឺសម្រាប់ការកែច្នៃកសិផលនានា ដែលមិនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ។ គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ដែលបានចាប់ផ្តើមសិក្សានាពេលនេះ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ប្រកបដោយការយកចិត្តខ្ពស់ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមគ្នានេះ លោក UEMATSU Hiroshi នាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានថ្លែងពីបំណងរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត លើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ លោកបន្ថែមថា ដោយសង្កេតឃើញពីសក្តានុពលរបស់ខេត្តកំពង់ធំ លោកមានសុទិដ្ឋិនិយមខ្ពស់លើភាពជោគជ័យនៃគម្រោងនេះ។

តាមរយៈពិធីចុះ MoU នេះដែរ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ថ្លែងថា ការបង្កើតជាសួនកសិឧស្សាហកម្ម គឺជាការបង្កើតជម្រើសមួយក្នុងការកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ មានសេដ្ឋកិច្ចរឹងមាំ យូរអង្វែង។

លើសពីនេះទៀត ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនានានៅក្នុងខេត្តកំពង់ធំ មុននឹងនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ហើយផលិតផលទាំងនោះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ ថែមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ បន្ថែមនេះ កសិផលកម្ពុជា មិនទាន់កែច្នៃជាច្រើន ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាង ហើយប្រទេសទាំងនោះយកទៅកែច្នៃជាផលិតផលមានតម្លៃជាងកសិផលដើម៕ អត្ថបទ៖ហ្សាលីន