ជនភៀសសឹកជាង ៤៦ម៉ឺននាក់ វិលត្រឡប់ទៅកាន់ផ្ទះវិញ ខណៈសល់ជនភៀសសឹកជាង ១៨ម៉ឺននាក់ទៀត បន្តរស់នៅក្នុងជំរុំ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកទល់ពេលនេះ មានជនភៀសសឹកសរុបជាង ៤៦ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ខណៈនៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ម៉ឺននាក់ទៀត ដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានឱ្យដឹងដែរថា គិតមកទល់ពេលនេះ មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនបានបើកដំណើរការឡើងវិញជាបណ្តើរៗ។

ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកបានធ្វើឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

ទោះជាយ៉ាងណា មានពលរដ្ឋភៀសសឹកជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។ នៅក្នុងបទបង្ហាញជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយឯកឧត្តមបានលើកឡើងអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកចូលទៅកាន់តំបន់ទាំងនោះ។

សូមបញ្ជាក់ជូនថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរ៕