អ្នកឧកញ៉ា ហ៊ុន ឡាក់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សា​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់​ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្ត​ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ.។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ៖ (១) ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥, (២) ការវាយ​តម្លៃអំពីចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង (៣) កំណត់ទិសដៅការងារ​បន្តសម្រាប់​ឆ្នាំ២០២៦។

អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើត​ចេញ​ពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈមដោយបន្តរក្សានូវភាព​ប្រកួតប្រជែងខ្ពស់ក្នុងតំបន់ប្រកបដោយភាពជឿជាក់ បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែង​ខ្ពស់នៅក្នុងបរិបទតំបន់ និងសកលលោកដែលមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និងអរិភាពដែលកើត​មានឡើង​នាពេល​បច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជា ទស្សនវិស័យសេដ្ឋកិច្ច​សកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតានតឹង, ការឈ្លាន​ពានពី​សំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាកាលៈទេសៈដ៏លំបាកដែល​ទាមទារឱ្យមាន​ការចូលរួម​ពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាព​ជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និងពង្រឹងភាពម្ចាស់ការបន្ថែមទៀត។

ក្នុងន័យនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាងបន្តរក្សាឱ្យ​បាន​នូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និងម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍​ ដើម្បីរក្សានូវភាព​ប្រកួត​ប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្ន​ប្រយែងខ្ពស់៕