សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី លើកទី៣៥ នៅទីក្រុងកាហ្សាន នៃសហព័ន្ធរុស្សី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥។
ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា ក៏នឹងមានជំនួបមួយចំនួនជាមួយបណ្តាធុរជនរុស្ស៊ី ក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងធុរកិច្ចនានាផងដែរ៕



