អាមេរិក ត្រៀមផ្តល់លុយ ១សែនដុល្លារដល់ជនជាតិ Greenland ដើម្បីផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក

អន្តរជាតិ

មន្ត្រីសហរដ្ឋអាមេរិក បាននិងកំពុងពិភាក្សាអំពីផែនការមួយដើម្បីបង់ប្រាក់ឲ្យជនជាតិ Greenland ម្នាក់ៗ រហូតដល់ ១០០ ០០០ដុល្លារ ដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាសេតវិមាន កំពុងពិភាក្សាអំពីផែនការមួយដើម្បីប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់មួយចំនួនធំ ដើម្បីជះឥទ្ធិពលដល់ទស្សនៈរបស់ជនជាតិ Greenland ដើម្បីបំបែកខ្លួនចេញពីប្រទេសដាណឺម៉ាក និងឆ្ពោះទៅរកការបង្រួបបង្រួមជាសហរដ្ឋអាមេរិកវិញ។

យ៉ាងណាមក៏ដោយ ចំពោះចំនួនទឹកប្រាក់ពិប្រាកដ និងវិធីសាស្រ្តនៃការអនុវត្តទៅលើផែនការនេះ នៅតែមិនមានភាពច្បាស់លាស់នៅឡើយ ប៉ុន្តែបើតាមប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ការទូទាត់ម្តងដែលកំពុងត្រូវបានពិភាក្សា គឺមានចំនួនចាប់ពី ១០ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ សម្រាប់ជនជាតិ Greenland ម្នាក់។

គួរឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកចំណាយប្រាក់ ១សែនដុល្លារលើប្រជាជនទាំង ៥៧ ០០០ នាក់នៅ Greenland នោះការចំណាយសរុបនឹងមានចំនួន ៥,៧ពាន់លានដុល្លារ ដែលជាតួលេខមួយត្រូវបានចាត់ទុកថាជារឿងអាចធ្វើទៅបាន សម្រាប់រដ្ឋបាលរបស់លោក ត្រាំ។

ជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីៗនេះបានបង្កើនសម្ពាធដើម្បីគ្រប់គ្រងកោះ Greenland សារជាថ្មី បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ។ ប្រធានាធិបតី លោក ត្រាំ បានអះអាងថាសហរដ្ឋអាមេរិកត្រូវការកោះនេះសម្រាប់គោលបំណងការពារខ្លួន៕​