Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google កាលពីពេលថ្មីៗនេះ បានមើលឃើញតម្លៃមូលធនទីផ្សាររបស់ខ្លួនហក់ឡើងលើសក្រុមហ៊ុនបច្ចេកវិទ្យាកំពូល Apple ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

តម្លៃមូលធនទីផ្សាររបស់ Alphabet បានកើនឡើងដល់ ៣,៨៨ទ្រីលានដុល្លារ គិតត្រឹមថ្ងៃជួញដូរចុងក្រោយ ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជាង ២% គិតនៅត្រឹមថ្ងៃពុធកន្លងទៅ។
ទន្ទឹមនឹងនេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនApple វិញបានបិទបញ្ចប់នៅក្នុងចំនួន ៣,៨៤ទ្រីលានដុល្លារ នៅក្នុងការជួញដូរចុងក្រោយ ខណៈពេលដែលតម្លៃភាគហ៊ុនបានធ្លាក់ចុះអស់ជាង ៤%។
ជុំវិញការកើនចុងក្រោយនេះ បានធ្វើឲ្យក្រុមហ៊ុនមេរបស់ Google ក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារថ្លៃបំផុតទីពីរនៅលើពិភពលោក តាមពីក្រោយតែក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលមានតម្លៃទីផ្សារសរុបប្រមាណជាង ៤,៥ទ្រីលានដុល្លារ។
ជម្រាបជូនផងដែរថា Alphabet បានបញ្ចប់ឆ្នាំ២០២៥ ក្នុងនាមជាក្រុមហ៊ុនដ៏ជោគជ័យបំផុតមួយ ដែលត្រូវបានជំរុញដោយការដាក់ចេញបច្ចេកវិទ្យា AI របស់ខ្លួន។ នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបានបង្ហាញ Ironwood ដែលជាបន្ទះឈីប AI ផ្ទាល់ខ្លួន និងបានក្លាយជាជម្រើសដ៏មានសក្តានុពលដើម្បីជំនួសបន្ទះឈីប Nvidia។ បន្ទាប់មកនៅក្នុងខែធ្នូ Google បានណែនាំចេញកម្មវិធី AI Chatbot Gemini 3 ដែលទទួលបានការវាយតម្លៃយ៉ាងខ្លាំង៕

