នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia លោក Jensen Huang បានបង្ហាញថា លោកហាក់មិនដែលព្រួយបារម្ភអ្វីនោះឡើយ ទាក់ទងទៅនឹងលទ្ធភាពនៃការបង់ពន្ធអចលនទ្រព្យជិត ៨ពាន់លានដុល្លារ ដល់រដ្ឋកាលីហ័្វរញ៉ា ប្រសិនបើសំណើថ្មីទាំងនោះត្រូវបានអនុវត្ត។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន CNBC។

រដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងរបស់លោក Jensen Huang កំពុងរស់នៅនោះ កំពុងពិចារណាលើការដាក់ពន្ធទ្រព្យសម្បត្តិ ៥% សម្រាប់មហាសេដ្ឋី។ ហើយដោយសារតែទ្រព្យសម្បត្តិសរុបរបស់លោក Huang មានចំនួនប្រមាណ ១៥៧ពាន់លានដុល្លារ នោះអាចនឹងធ្វើឲ្យមេធំរបស់ក្រុមហ៊ុន Nvidia រូបនេះ ឈានដល់ការបង់ពន្ធរហូតដល់ ៧,៨៥ពាន់លានដុល្លារឯណោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយបាននិយាយទៅកាន់បទសម្ភាសមួយ អំពីសំណើឲ្យពន្ធដ៏ច្រើនេះ លោក Huang បាននិយាយថា ៖”យើងជ្រើសរើសរស់នៅក្នុងតំបន់ Silicon Valley។ ហើយពួកគេអាចដាក់ពន្ធអ្វីក៏ដោយដែលពួកគេចង់បាន។ ខ្ញុំយល់ព្រមបង់ឲ្យទាំងស្រុងចំពោះពន្ធទាំងអស់នោះ”។
ជម្រាបជូនថា គំនិតផ្តួចផ្តើមមួយដើម្បីយកពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនេះត្រូវបានស្នើឡើងដោយសហជីពកម្មករថែទាំសុខភាពក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ហើយទទួលបានការគាំទ្រពីអ្នកតាក់តែងច្បាប់ជាច្រើន។ ពួកគេស្នើដាក់ពន្ធ ៥% លើទ្រព្យសម្បត្តិសរុបរបស់បុគ្គលដែលមានទ្រព្យសម្បត្តិលើសពី ១,១ពាន់លានដុល្លារ និងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គិតត្រឹមដើមឆ្នាំ២០២៦។ ហើយប្រាក់ចំណូលដែលទទួលបាន នឹងត្រូវបែងចែកទៅកញ្ចប់ថវិកាជំនួយថែទាំសុខភាព ការអប់រំ និងស្បៀងអាហាររបស់រដ្ឋ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងច្រើនបន្ទាប់ពីមានការកាត់បន្ថយការចំណាយយ៉ាងច្រើន ដោយរដ្ឋបាលរបស់លោក ត្រាំ៕

