មេធំក្រុមហ៊ុន Nvidia ហាក់មិនខ្វាយខ្វល់រឿងបង់ពន្ធដល់ ៨ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia លោក Jensen Huang បានបង្ហាញថា លោកហាក់មិនដែលព្រួយបារម្ភអ្វីនោះឡើយ ទាក់ទងទៅនឹងលទ្ធភាពនៃការបង់ពន្ធអចលនទ្រព្យជិត ៨ពាន់លានដុល្លារ ដល់រដ្ឋកាលីហ័្វរញ៉ា ប្រសិនបើសំណើថ្មីទាំងនោះត្រូវបានអនុវត្ត។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងរបស់លោក Jensen Huang កំពុងរស់នៅនោះ កំពុងពិចារណាលើការដាក់ពន្ធទ្រព្យសម្បត្តិ ៥% សម្រាប់មហាសេដ្ឋី។ ហើយដោយសារតែទ្រព្យសម្បត្តិសរុបរបស់លោក Huang មានចំនួនប្រមាណ ១៥៧ពាន់លានដុល្លារ នោះអាចនឹងធ្វើឲ្យមេធំរបស់ក្រុមហ៊ុន Nvidia រូបនេះ ឈានដល់ការបង់ពន្ធរហូតដល់ ៧,៨៥ពាន់លានដុល្លារឯណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយបាននិយាយទៅកាន់បទសម្ភាសមួយ អំពីសំណើឲ្យពន្ធដ៏ច្រើនេះ លោក Huang បាននិយាយថា ៖”យើងជ្រើសរើសរស់នៅក្នុងតំបន់ Silicon Valley។ ហើយពួកគេអាចដាក់ពន្ធអ្វីក៏ដោយដែលពួកគេចង់បាន។ ខ្ញុំយល់ព្រមបង់ឲ្យទាំងស្រុងចំពោះពន្ធទាំងអស់នោះ”។

ជម្រាបជូនថា គំនិតផ្តួចផ្តើមមួយដើម្បីយកពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនេះត្រូវបានស្នើឡើងដោយសហជីពកម្មករថែទាំសុខភាពក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ហើយទទួលបានការគាំទ្រពីអ្នកតាក់តែងច្បាប់ជាច្រើន។ ពួកគេស្នើដាក់ពន្ធ ៥% លើទ្រព្យសម្បត្តិសរុបរបស់បុគ្គលដែលមានទ្រព្យសម្បត្តិលើសពី ១,១ពាន់លានដុល្លារ និងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គិតត្រឹមដើមឆ្នាំ២០២៦។ ហើយប្រាក់ចំណូលដែលទទួលបាន នឹងត្រូវបែងចែកទៅកញ្ចប់ថវិកាជំនួយថែទាំសុខភាព ការអប់រំ និងស្បៀងអាហាររបស់រដ្ឋ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងច្រើនបន្ទាប់ពីមានការកាត់បន្ថយការចំណាយយ៉ាងច្រើន ដោយរដ្ឋបាលរបស់លោក ត្រាំ៕​