លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តចុះអនុវត្តន៍នូវផែនការ ការគ្រប់គ្រងជនបរទេស ដែលមានវត្តមានស្នាក់នៅក្នុងប្រទេសកម្ពុជា តាមបណ្តារាជធានី ខេត្ត ឱ្យបានជាក់លាក់ ។

ក្នុងកិច្ចប្រជុំ វឌ្ឍនភាពការងារត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោក គៀត ច័ន្ទថារិទ្ធ ក្រៅពីបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តចុះអនុវត្តន៍នូវផែនការ ការគ្រប់គ្រងជនបរទេស ដែលមានវត្តមានស្នាក់នៅក្នុងប្រទេសកម្ពុជា តាមបណ្តារាជធានី ខេត្ត ឱ្យបានជាក់លាក់ លោកក៏បានបន្តជំរុញឱ្យមានកិច្ចសហការជាមួយបណ្តា អង្គភាពពាក់ព័ន្ធនានា ជាពិសេសអធិការក្រុង ស្រុក ប៉ុស្ត៍នគរបាល រដ្ឋបាលតាមបណ្តាមូលដ្ឋាន ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស និងធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។

សូមបញ្ជាក់ផងដែរថា បើយោងតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ត្រង់មាត្រា២១ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយ។
ជាមួយគ្នានេះ ត្រង់មាត្រា២០ ក៏បានបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០ (បួនលាន) រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕

