ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង១១ លានដុល្លារ ដល់កម្ពុជា សម្រាប់បោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន

សង្គម​ និង​សេដ្ឋកិច្ច

ជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ = Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC  ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និង លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ = Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC  ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាម៉េរិក។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ក៏បានចូលរួមនៅក្នុងពិធីនេះផងដែរ ដែលគម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦ – ១៥ មករា ២០២៨។

បើតាមអង្គភាពCMAC គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។

គួរឱ្យដឹងថា បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ៕