ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានសម្រេចប្តូរស្លាកសញ្ញាថ្មី យកសត្វត្រយ៉ង ដែលជាបក្សីជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការផ្លាស់ប្តូររូបរាងថ្មីលើកដំបូងបង្អស់របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០០៩ មក។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានមោទនភាពក្នុងការប្រកាសជាផ្លូវការជាមួយអត្តសញ្ញាណថ្មី (CIS)។ នេះគឺជាការផ្លាស់ប្តូររូបរាងថ្មីលើកដំបូងបង្អស់របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០០៩ មក ។

ស្លាកសញ្ញាថ្មី សត្វត្រយ៉ង ត្រូវបានបំផុសគំនិតយ៉ាងជ្រាលជ្រៅពី សត្វត្រយ៉ង ដែលជាបក្សីជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។ ស្លាកសញ្ញាថ្មីនេះមានចំពុះបក្សីងើបឡើងលើក្នុងមុំ ៤៥ ដឺក្រេ ដែលបង្ហាញពីការរីកចម្រើនទៅមុខឥតឈប់ឈរ ។ វាមានការរួមបញ្ចូលគ្នារវាង រោមសត្វ ១៨ ជាមួយនឹងរូបរាង ស្លាបកង្ហារម៉ាស៊ីនយន្តហោះ ដែលជានិមិត្តរូបនៃថាមពលខ្លាំងក្លា និងការហោះហើរបានចម្ងាយឆ្ងាយ ។
ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញជាម៉ាស៊ីន អាកាសយាន ដោយមានមុខរណារបឺត ខ្យល់ចំនួន១៨ ដែលតំណាងឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន ។ ចំណែកអត្តសញ្ញាណពណ៌ ក៏ត្រូវបានជ្រើសរើសមានបីពណ៌ ជាមូលដ្ឋាន គឺមានពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គួរឱ្យដឹងថា ទន្ទឹមនឹងការផ្លាស់ប្តូរអត្តសញ្ញាណនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏កំពុងពង្រីកបន្ថែមនូវចំនួនយន្តហោះផងដែរ។
សូមជម្រាបជូនថា ក្នុងវប្បធម៌ខ្មែរ សត្វត្រយ៉ង គឺជាសត្វតំណាងនៃ ការការពារ ភាពរឹងមាំ និងសិរីសួស្តី។សត្វត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសធ្វើជាបក្សីតំណាងជាប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៥៕


