ក្រុមហ៊ុនអាកាសចរណ៍​ជាតិ​កម្ពុជា ​ប្តូរ​ស្លាក​សញ្ញា​ថ្មី​ យក​ “សត្វ​ត្រយ៉ង​“​ ជាសត្វបក្សីតំណាងជាតិកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានសម្រេចប្តូរស្លាកសញ្ញាថ្មី យកសត្វត្រយ៉ង ដែលជាបក្សីជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការផ្លាស់ប្តូររូបរាងថ្មីលើកដំបូងបង្អស់របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០០៩ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦  ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានមោទនភាពក្នុងការប្រកាសជាផ្លូវការជាមួយអត្តសញ្ញាណថ្មី (CIS)។ នេះគឺជាការផ្លាស់ប្តូររូបរាងថ្មីលើកដំបូងបង្អស់របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០០៩ មក ។

ស្លាកសញ្ញាថ្មី សត្វត្រយ៉ង ត្រូវបានបំផុសគំនិតយ៉ាងជ្រាលជ្រៅពី សត្វត្រយ៉ង ដែលជាបក្សីជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។  ស្លាកសញ្ញាថ្មីនេះមានចំពុះបក្សីងើបឡើងលើក្នុងមុំ ៤៥ ដឺក្រេ ដែលបង្ហាញពីការរីកចម្រើនទៅមុខឥតឈប់ឈរ ។ វាមានការរួមបញ្ចូលគ្នារវាង រោមសត្វ ១៨ ជាមួយនឹងរូបរាង ស្លាបកង្ហារម៉ាស៊ីនយន្តហោះ ដែលជានិមិត្តរូបនៃថាមពលខ្លាំងក្លា និងការហោះហើរបានចម្ងាយឆ្ងាយ ។

ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញជាម៉ាស៊ីន អាកាសយាន ដោយមានមុខរណារបឺត ខ្យល់ចំនួន១៨ ដែលតំណាងឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន ។ ចំណែកអត្តសញ្ញាណពណ៌ ក៏ត្រូវបានជ្រើសរើសមានបីពណ៌ ជាមូលដ្ឋាន គឺមានពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

គួរឱ្យដឹងថា ទន្ទឹមនឹងការផ្លាស់ប្តូរអត្តសញ្ញាណនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏កំពុងពង្រីកបន្ថែមនូវចំនួនយន្តហោះផងដែរ។

សូមជម្រាបជូនថា ក្នុងវប្បធម៌ខ្មែរ សត្វត្រយ៉ង គឺជាសត្វតំណាងនៃ ការការពារ ភាពរឹងមាំ និងសិរីសួស្តី។សត្វត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសធ្វើជាបក្សីតំណាងជាប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៥៕