ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុន BYD ដើម្បីទិញអាគុយមកបំពាក់លើម៉ូដែលរថយន្តកូនកាត់ Hybrid របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការពិភាក្សានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Ford កំពុងព្យាយាមដោះស្រាយជាមួយនឹងតម្រូវការរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនដែលកំពុងធ្លាក់ចុះខ្លាំង ហើយចង់ងាកផ្តោតទៅលើការផលិតរថយន្តប្រភេទកូនកាត់ Hybrid ជំនួសវិញ ជាពិសេសនៅក្នុងទីផ្សារក្រៅសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ៖”យើងបានពិភាក្សាជាមួយក្រុមហ៊ុនជាច្រើនអំពីបញ្ហាជាច្រើន”។ ហើយយ៉ាងណាមិញ បើសិនបើជោគជ័យ នោះក្រុមហ៊ុន Ford នឹងទទួលបានសិទ្ធិប្រើប្រាស់អាគុយដែលមានតម្លៃថោក និងបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនផលិតរថយន្ត EV ធំជាងគេបំផុតមួយរបស់ប្រទេសចិន។
ជម្រាបជូនផងដែរថា ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្ត Ford កំពុងព្យាយាមកាត់បន្ថយការជំរុញលើរថយន្តអគ្គិសនីសុទ្ធ ដែលមានតម្លៃថ្លៃរបស់ពួកគេ បន្ទាប់ពីព្យាយាមដេញតាមគូប្រជែងចិន ហើយងាកទៅផ្តោមលើម៉ូដែល និងរថយន្តប្រភេទកូនកាត់ដែលមានតម្លៃថោកជាងវិញ៕

