លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ ឬស្ពានមេទឹក ខណៈឯកឧត្តមថា ក្រសួងនឹងរៀបចំផែនការស្តារស្ពាននេះឡើងវិញផងដែរ។

លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា កាលរសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ លោកបានបន្តដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃ លើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយោធាថៃ នាពេលកន្លងមក ។

លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ។
យ៉ាងណាមិញ នាឱកាសនោះដែរ លោករដ្ឋមន្រ្តីក្រសួងសារធារណការ ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជួសជុល និងពង្រឹងបន្ថែម ស្ពានបេឡេត៍មេទឹក និងសម្រួលផ្លូវក្បាលស្ពានឱ្យបានរឹងមាំ ដើម្បីសម្រួលចរាចរណ៍គ្រប់ប្រភេទឆ្លងកាត់។

សូមរម្លឹកដែថា ស្ពានជ័យជំនះ (ស្ពានមេទឹក) ជាស្ពានបេតុងប្រភេទប្រេកុងត្រាំង តភ្ជាប់ពីត្រើយមួយទៅត្រើយមួយទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០។ ស្ពាននេះមានប្រវែង ១៨០ ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះមានចម្ងាយប្រហែល ៨.៥ គីឡូម៉ែត្រ ពីព្រំដែនគិតតាមផ្លូវបត់បែន និងប្រហែល ៥គីឡូម៉ែត្រ ជាចម្ងាយត្រង់ពីព្រំដែន ហើយជាច្រកតភ្ជាប់សំខាន់តែមួយគត់ទៅកាន់ប្រជុំជនថ្មដា ស្រុកវាលវែង។ស្ពាននេះ ត្រូវបានរងការការខូចខាត បានតួរស្ពានដោយសារគ្រាប់បែកយោធាថៃទម្លាក់កម្ទេចដោយយន្តហោះចម្បាំង F-16 កាលព្រឹកថ្ងៃទី ១៣ ខែធ្នូ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន


