សហភាពអឺរ៉ុប (EU) បានព្រមានថា ការគំរាមកំហែអរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធគយលើប្រទេសជាច្រើនរបស់អឺរ៉ុប អាចនាំឲ្យមានការវិវឌ្ឍដ៏គ្រោះថ្នាក់មួយ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តធ្វើដូច្នេះរហូតដល់អាចគ្រប់គ្រងកោះ Greenland បាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីពេលថ្មីៗនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រក្សាអឺរ៉ុប លោក Antonio Costa បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ អំពីការប្រឆាំងទៅនឹងការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការដាក់ពន្ធគយលើប្រទេសអឺរ៉ុបចំនួន ៨ ដែលចេញមុខជួយការពារកោះ Greenland ពីការដាក់សម្ពាធរបស់អាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានសរសេរថា ៖” ពន្ធគយនឹងធ្វើឲ្យខូចដល់ទំនាក់ទំនងអន្តរអាត្លង់ទិក និងបង្កហានិភ័យនាំឲ្យមានការវិឌ្ឍដ៏គ្រោះថ្នាក់មួយ។ អឺរ៉ុបនឹងនៅតែរួបរួមគ្នា សហការ និងប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន”។
គួរឲ្យដឹងផងដែរថា ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសថា ប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់នឹងត្រូវទទួលរងពន្ធគយ ១០% លើទំនិញទាំងអស់ដែលនាំចេញទៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែកុម្ភៈ មុនពេលវាត្រូវបានដំឡើងដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា។ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ពន្ធគយនេះ នឹងនៅតែមានសុពលភាពរហូតដល់សហរដ្ឋអាមេរិកបញ្ចប់ការទិញយកកោះ Greenland បាន។
យ៉ាងណាមិញលោក ត្រាំ ក៏បានបានពន្យល់ផងដែរថា ការសម្រេចចិត្តនេះកើតចេញពីប្រទេសនានាដែលបានរៀបរាប់ខាង បានដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួន ទៅកាន់កោះ Greenland សម្រាប់គោលបំណងមិនច្បាស់លាស់ ដោយអះអាងទៀតថា នេះជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សុវត្ថិភាព សន្តិសុខ និងការរស់រានមានជីវិតរបស់ភពផែនដី៕

