រោងចក្រកែច្នៃប្លាស្ទិកPETប្រើហើយ របស់ក្រុមហ៊ុន (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក បានបើកការដ្ឋានសាងសង់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទំហំទុនវិនិយោគ ២៩លានដុល្លារ។

ពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ។

លោក កែវ រតនៈ បានលើកឡើងថា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើង ឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលខាងមុខ។ លោកសង្ឃឹមថា ក្រុមហ៊ុន A1-Plastics នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានមួយចំណែកថែមទៀត។
លោកបន្តថា ក្រោមសមិទ្ធិផលនេះជាការខិតខំទ្វេដងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបង្កើតការងារបៃតងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋានចំណូលរបស់ជាតិ។

គួរឱ្យដឹងថា ក្រុមហ៊ុន A1-Plastics បានចំណាយទុនគ្រោង២៩លានដុល្លារ ដើម្បីជ្រើសរើសយកខេត្តពោធិ៍សាត់ជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា។
បើតាម អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ចំនួន៤១៤កន្លែង ព្រមទាំងបានផ្តល់ការងារ ជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត បានចំនួន១៥,៧៨១នាក់៕





