សម្តេចធិបតី ដាក់ចេញវិធានការ៥ចំនុច ដើម្បីជំរុញនិងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រនូវប្រធានបទ «អាកាសចរណ៍ស៊ីវិលដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញ សេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏ដាក់ចេញវិធានការ៥ចំនុច ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ តាមរយៈសារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានចេញផ្សាយនាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

នៅក្នុងសារលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវវិធានការនិងការណែនាំ ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋនិងឯកជន ដូចខាងក្រោម៖

១. រៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលអាកាសចរណ៍នានា ដែលបាន សម្រេចក្នុងឆ្នាំនីមួយៗ។ ២. រៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្សនិងនិស្សិតនៅតាមគ្រឹះស្ថានអប់រំ ដើម្បីទស្សនាលើ ប្រតិបត្តិការជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុនគ្រប់គ្រង ចរាចរណ៍តាមផ្លូវអាកាស។

៣.រៀបចំកម្មវិធីឃោសនាអប់រំស្តីពីការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗ ក្នុងវិស័យ អាកាសចរណ៍ស៊ីវិល។សារៈសំខាន់នៃអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងការចូលរួមជំរុញការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការងារ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។

៤.រៀបចំយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្តែង និងទិន្នន័យ នៃការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលក្នុងប្រទេស តំបន់ និងអន្តរជាតិ។និង៥. រៀបចំពិធីប្រគល់ពានរង្វាន់និងប័ណ្ណសរសើរដល់បុគ្គលិកទាំងរដ្ឋនិងឯកជន ដែលមានស្នាដៃឆ្នើម ក្នុងការបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

សូមជម្រាបដែរថា តាមរយៈសារលិខិតខាងលើ ក៏បានបង្ហាញពីលទ្ធផល នៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុង តភ្ជាប់ជើងហោះហើរជាមួយ១៦ប្រទេស និង ៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់ អាស៊ាន ខណៈដែលការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក៕ អត្ថបទ៖ហ្សាលីន