កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក ខណក្រសួងក៏សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ PIANO LAND សញ្ជាតិ BERMUDA បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព កាលពីថ្ងៃទី១២ ខែមេសា ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហ្វេសប៊ុកក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៩៩៦នាក់ ដែលមាន ១១សញ្ជាតិ និងនាវិកចំនួន ៥០១នាក់ ដែលមាន ១៣សញ្ជាតិ បានចុះពីនាវាទេសចរណ៍ PIANO LAND សញ្ជាតិ BERMUDA មានបណ្ដោយប្រវែង២៦០.៩៧ម៉ែត្រ និងទទឹងប្រវែង៣២.២០ម៉ែត្រ ជម្រៅ៨.២៥ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។

សូមជម្រាបដែរថា កម្ពុជា​ទទួលបាន​ចំណូល​ប្រមាណ ​៣,៧ ​ពាន់លានដុល្លារ ​ពីទេសចរណ៍​អន្តរ​ជាតិ នៅក្នុងឆ្នាំ ២០២៥ កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំ ២០២៤ ​ខណៈភ្ញៀវទេសចរអន្តរជាតិចំនួន​ ​៥,៦ លាននាក់ ​បានមក​ទស្ស​នាកម្ពុជា មានការ​ធ្លាក់ចុះជិត ១៧% ​ដោយសារសង្គ្រាមកម្ពុជា-ថៃ ​និង​បទល្មើសអនឡាញ។ ​នេះបើ​យោង​តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។​

ដោយឡែក បើនិយាយពីការវិនិយោគវិញ នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦៕អត្ថបទ៖ ហ្សាលីន