នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋារគារ សុខា រ៉េស៊ីដិន, អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ ) បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ ចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការថ្នាក់ជាតិស្តីពី ប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមប្រធានបទ៖ បង្កើនជំនាញ បង្កើនឱកាស បង្កើនចំណូល”។

ពិធីខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគមវិស័យក្រៅប្រព័ន្ធ និងតំណាងសហគ្រាសខ្នាតតូច អាជ្ញាធរមូលដ្ឋាន និងមន្ទីរការងារខេត្ត តំណាងយុវជន សហជីព សង្គមស៊ីវិល ដៃគូទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធជាច្រើន។
គោលបំណងនៃពិធីនេះគឺដើម្បី៖ ១. ដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីថ្នាក់ជាតិស្ដីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីលើកកម្ពស់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ; ២. ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការផ្សព្វផ្សាយ កម្មវិធីប័ណ្ណជំនាញ (Skills Voucher) ទូទាំងប្រទេស និង៣. ដើម្បីផ្សព្វផ្សាយកម្មវិធីថ្មីៗ របស់ SDF សម្រាប់ការអភិវឌ្ឍជំនាញ និងពង្រឹងសមត្ថភាពកម្លាំងពលកម្មឱ្យត្រូវ នឹងតម្រូវការទីផ្សារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការអបអរសាទរ និង ការកោតសរសើរ ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និង នវានុវត្តន៍, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ព្រមទាំង ដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រហូតធ្វើឲ្យគំនិតផ្តួចផ្តើមនៃកម្មវិធី «បណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះ លេចចេញជារូបរាងឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានតម្រូវការចាំបាច់ ក្នុងការពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន ស្របតាមតម្រូវការទីផ្សារការងារ ទាំងបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នាថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីទិសដៅគោលនយោបាយដ៏ច្បាស់លាស់ និង ឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍមូលធនមនុស្ស និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូចត្រូវបានដាក់ចេញក្នុងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី ១ ដោយក្នុងនោះ “មនុស្ស” ត្រូវបានកំណត់ជាអាទិភាពគន្លឹះទីមួយ៕
ក្នុងន័យនេះ កម្មវិធី “បណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នាថ្ងៃនេះ នឹងរួមចំណែកដ៏សំខាន់ដល់ការថែបំប៉ន និងការអភិវឌ្ឍតួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែមានសមត្ថភាព, ចំណេះជំនាញ, ផលិតភាព និងសមត្ថភាពខ្ពស់ជាងមុន និងអាចរីកធំធាត់ មានភាពធន់ និងភាពរឹងមាំជាងមុន ដើម្បីប្រែក្លាយទៅជាតួអង្គសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមទិសដៅនៃ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨”។
ជាទិសដៅទៅមុខ ដើម្បីធានាថា ការដាក់ឲ្យអនុវត្តនូវ “បណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” នេះ គឺជាការចាប់ផ្តើមនៃចលនាជាតិមួយដ៏រស់រវើកមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ និងការតម្រង់ទិសមួយចំនួន ដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដូចជា៖ ១. ការអនុវត្តដោយភាពបត់បែន ប្រកបដោយគណនេយ្យភាព (Flexibility with accountability), ២. ការផ្សារភ្ជាប់ និងការផ្ទេរចំណេះជំនាញ និងបច្ចេកវិទ្យាពីក្រុមហ៊ុនធំៗជួរមុខ ទៅតួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម ក្នុងខ្សែច្រវ៉ាក់តម្លៃ, ៣. ការផ្សារភ្ជាប់ការអភិវឌ្ឍន៍ជំនាញ ទៅនឹងប្រភពទន់វិនិយោគ និងទីផ្សារ, ៤. ការប្រើប្រាស់ប្រព័ន្ធ CAMIE ជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់កិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ដែលគាំទ្រដោយរាជរដ្ឋាភិបាល និង៥. ការដោះស្រាយឬសគល់នៃបញ្ហា (Addressing Root Causes)៕









