លោក ត្រាំ ចង់ឲ្យប្រទេសនានាបង់លុយ ១ពាន់លានដុល្លារ ដើម្បីចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឲ្យប្រទេសនានាចំណាយទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដែលជារៀបចំដោយសហរដ្ឋអាមេរិកផ្ទាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំបូងឡើយក្រុមប្រឹក្សាសន្តិភាពគឺជាស្ថាប័នអន្តរជាតិមួយដែលត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ ហើយក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងបម្រើការជាប្រធានថ្មីរបស់ក្រុមប្រឹក្សានេះ ហើយលោកនឹងជ្រើសរើសសមាជិកណាមួយដែលស័ក្តិសមក្នុងការចូលរួម និងតម្រូវឲ្យបង់ប្រាក់ចំនួន ១ពាន់លានដុល្លារផងដែរ ដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍។

គួរឲ្យដឹងផងដែរថា កន្លងមកលោក ត្រាំ​ បានអញ្ជើញមេដឹកនាំកំពូលពិភពលោកមួយចំនួនរួចមកហើយ ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីកាណាដា លោ Mark Carney និងប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ផងដែរ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពី AP News បានបង្ហាញឲ្យដឹងថា ប្រទេសជាច្រើនផ្សេងទៀត រួមទាំងហុងគ្រី ឥណ្ឌា ហ៊្សកដានី ក្រិក ស៊ីប និងប៉ាគីស្ថាន ក៏ទទួលបានការអញ្ជើញឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះផងដែរ។

ជម្រាបជូនថា ក្រោមការដឹកនាំរបស់លោក ត្រាំ ក្រុមនេះក៏បានបង្កើតក្រុមប្រឹក្សាប្រតិបត្តិស្ថាបនិកមួយ ដើម្បី ត្រួតពិនិត្យផលប័ត្រដែលបានកំណត់ដ៏សំខាន់ចំពោះស្ថិរភាពរយៈពេលវែងរបស់តំបន់ហ្គាហ្សា និងរួមទាំងដោះស្រាយបញ្ហាជម្លោះជាសកលផងដែរ៕​