ថវិកាចំនួនជាង ១០០ពាន់លានដុល្លារ ត្រូវបាននាយករដ្ឋមន្ត្រីថៃស្នើសុំទៅកាន់សភា

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃពុធ ទី៣ ខែមករានេះ បានស្នើទឹកប្រាក់ចំនួន ៣,៤៨ទ្រីលានបាត (១០១,៥២ពាន់លានដុល្លារ) សម្រាប់បម្រុងទុកនៅក្នុងឆមាសទីពីរនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ក្នុងអំឡុងពេលប្រជុំជជែកដេញដោលរយៈពេលបីថ្ងៃ ក្នុងចំណោមសមាជិកសភាទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha បាននិយាយប្រាប់ទៅកាន់សភាថា ថវិកាដែលបានស្នើសុំនេះ នឹងមានសារ:សំខាន់ខ្លាំង ក្នុងការជំរុញសេដ្ឋកិច្ចឲ្យឆ្ពោះទៅមុខ នៅពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី ២,៧% ទៅ ៣,៧% នៅឆ្នាំ ២០២៤នេះ ។

ទន្ទឹមនឹងនេះ ថវិកាថ្មីដែលបានស្នើសុំសម្រាប់ឆមាសទីពីរនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានគេមើលឃើញថាមានការកើនឡើង ៩,៣% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Srettha បាននិយាយទៀតថា ប្រហែលមួយភាគបួននៃថវិកានេះ នឹងត្រូវយកទៅបែងចែកសម្រាប់ដោះស្រាយបញ្ហាសង្គម ដូចជាមនុស្សមានវ័យចំណាស់ ក៏ដូចជាលើកកម្ពស់ការអប់រំ និងការពង្រីកសេវាថែទាំសុខភាព ផងដែរ។

ហើយសម្រាប់ថវិកាប្រហែល ១១,៣% ផ្សេងទៀត នឹងត្រូវយកទៅបម្រុងទុកសម្រាប់ការបង្កើនល្បឿននៃការប្រកួតប្រជែងក្នុងវិស័យផ្សេងៗ រួមទាំងសន្តិសុខថាមពល សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មនាពេលអនាគត ដូចជារថយន្តអគ្គិសនីជាដើម៕