លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ នៅឯទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វ៊ីស។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ ដោយបានពិភាក្សាសំខាន់អំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន និងមានភាពប្រទាក់ក្រឡាគ្នា។

ជាមួយគ្នា ក្នុងឱកាសជាវាគ្មិនក្នុងប្រធានបទខាងលើ លោកស្រីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានផ្តោតកិច្ចពិភាក្សាលើកិច្ចសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជនក៏ដូចជា ភាគីពាក់ព័ន្ធនានាលើវិស័យថាមពលអន្តរកាល សេដ្ឋកិច្ចឌីជីថល ទីផ្សារហិរញ្ញវត្ថុ និងឧស្សាហូបនីយកម្ម សំដៅធ្វើឱ្យអាស៊ានក្លាយជាទិសដៅវិនិយោគរយៈពេលវែង លើកកម្ពស់ភាពធន់និងផលិតភាពខ្ពស់ ព្រមទាំងអភិវឌ្ឍប្រកបដោយថាមវ័ន្តនិងចីរភាពផងដែរ។

សូមជម្រាបដែរថា ក្រៅពីបានចូលរួមធ្វើជាវេគ្មិនក្នុងកិច្ចពិភាក្សាខាងលើនេះ ហើយនោះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Group លោក Jacob Aarup-Andersen អំពីការជំរុញការប្រកួតប្រជែងដោយស្មើភាព សកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុន និងកាលានុវត្តភាពសម្រាប់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជាថែមទៀតផង៕ អត្ថបទ៖ហ្សាលីន

