សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែមករា បានប្រកាសពីការអនុម័តការលក់យន្តហោះល្បាតតាមសមុទ្រ P-8A ,មីស៊ីល Torpedo និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ក្នុងតម្លៃប្រមាណ ២,៣ពាន់លានដុល្លារ ទៅឲ្យប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការលក់ដែលបានស្នើឡើងនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសសិង្ហបុរីក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងអនាគតដោយផ្តល់កម្លាំងកការពារដែនសមុទ្រដ៏គួរឲ្យទុកចិត្តដែលមានសមត្ថភាពទប់ស្កាត់សត្រូវ”។
មិនតែប៉ុណ្ណោះ DSCA បានបន្ថែមទៀតថា វានឹងបង្កើនគោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដោយការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខរបស់ដៃគូយុទ្ធសាស្ត្រដែលជាកម្លាំងសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអាស៊ី។
ជម្រាបជូនថា ក្រសួងការបរទេសបានអនុម័តការលក់ឧបករណ៍យោធាដែលអាចធ្វើទៅបានសម្រាប់ប្រទេសសិង្ហបុរី ស្របពេល DSCA បានផ្តល់ការជូនដំណឹងដល់សភាសហរដ្ឋអាមេរិក ដើម្បីឈានដល់ការចុះហត្ថលេខាលើប្រតិបត្តិការលក់នេះ៕

