សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាសម្រេចបានកំណើន៥% ក្នុងឆ្នាំ២០២៦នេះ

សង្គម​ និង​សេដ្ឋកិច្ច

ផ្អែកតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងយោងតាមការវាយតម្លៃ ឡើងវិញ សម្រាប់រយៈពេល ៩ ខែក្នុងឆ្នាំ ២០២៥, ស្ថានភាពសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ ២០២៥ និង ៥% សម្រាប់ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,០% ក្នុងបរិការណ៍នៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យពីកត្តា ខាងក្រៅ និងកត្តាខាងក្នុង ដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍកម្ពុជា។

តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៦ ត្រូវបានទ្រទ្រង់ដោយ៖ ទី១ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៧,២% ក្នុងឆ្នាំ ២០២៦ ដែលជាកំណើនថមថយ បើធៀបនឹងកំណើនឆ្នាំ ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺ អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថមថយ ប៉ុន្តែជារួមនៅតែជាកំណើនល្អដោយសាររោងចក្រ-សហគ្រាស មានលទ្ធភាពបន្សំខ្លួនបានបន្តិចម្តងៗ ទៅនឹងរបត់គោលនយោបាយពាណិជ្ជកម្ម និងសមភាពាណិជ្ជកម្មថ្មីនេះ។

ទី២ វិស័យសេវាកម្ម រំពឹងថាសម្រេចបាន ៣,៧% ក្នុងឆ្នាំ ២០២៦ ដោយសារការរំពឹងទុកនៃការអូសបន្លាយផលប៉ះ ពាល់ពីការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ មកលើចលនការនៃអនុវិស័យ ត្រូវបានព្យាករថានឹងមានកំណើនទាបក្នុងរង្វង់ ចន្ទល់កំណើនសំខាន់ៗមួយចំនួន ដូចជា អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ (ទេសចរណ៍) លក់ដុំ-រាយ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង។

ចំណែកទី៣ វិស័យកសិកម្ម ត្រូវបានព្យាករថាកើនឡើង ០,៩% ក្នុងឆ្នាំ ២០២៦ ដែលបន្តគាំទ្រដោយអនុវិស័យនេសាទ និងចិញ្ចឹមសត្វ ក្នុងខណៈដែលអនុវិស័យដំណាំអាចនឹងមានកំណើនយឺតជាងការរំពឹងទុកបន្តិច ដោយសារបច្ច័យនៃការធ្លាក់ចុះកសិផលមកលើស្ថានភាពផលិតកម្មក្នុងឆ្នាំ ២០២៦៕