ប្រទេសធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបង្ហាញឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡាទទួលបានទឹកប្រាក់ចំនួន ៣០០លានដុល្លារ ដែលជាការទូទាត់លើកដំបូងក្រោមកិច្ចព្រមព្រៀងលក់ប្រេងចំនួន ៥០ លានបារ៉ែល ទៅឲ្យសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយ AFP។

យោងតាមលោកស្រី Rodriguez បានិយាយនៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី២០ ខែមករា នៅទីក្រុង Caracas ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា យើងបានទទួលទឹកប្រាក់ចំនួន ៣០០ លានដុល្លារដំបូងពីប្រាក់ចំណូលពីការលក់ប្រេងរបស់យើង”។
លោកស្រី Rodriguez ក៏សង្កត់ធ្ងន់ទៀតថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងរូបិយប័ណ្ណរបស់ប្រទេសវេណេស៊ុយអេឡា ដោយវានឹងជួយការពារប្រាក់ចំណូល និងអំណាចនៃការទិញរបស់កម្មករ។
មិនតែប៉ុណ្ណោះ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានទទួលប្រេងចំនួន ៥០ លានបារ៉ែល ពីទីក្រុង Caracas ហើយកំពុងលក់ដាក់មួយចំនួននៅលើទីផ្សារ។ តែទោះជាយ៉ាងណាក៏ដោយ យោងតាម Reuters បានរាយការណ៍ថា ប្រេងទាំងនោះនៅមិនទាន់ចាកចេញពីកំពង់ផែនៅឡើយទេ។
គួរឲ្យដឹងថា បន្ទាប់ពីមានប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក ដែលបានចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro និងភរិយារបស់លោក កាលពីថ្ងៃទី៣ ខែមករា មក ប្រធានាធិបតី លោក ត្រាំ និងមន្ត្រីសេតវិមានបានប្រកាសថាពួកគេនឹងគ្រប់គ្រងការលក់ប្រេងរបស់វេណេស៊ុយអេឡាដោយគ្មានការកំណត់ ប៉ុន្តែបានទទូចថាសហរដ្ឋអាមេរិក មិនលួចប្រេងពីប្រទេសនេះនោះឡើយ។
ជម្រាបជូនថា ប្រាក់ចំណូលពីការលក់ប្រេងនឹងត្រូវបានផ្ទេរទៅគណនីដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបន្ទាប់មកផ្ទេរត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញដើម្បីបម្រើប្រជាជន៕

