ជនបរទេស​ដែលធ្វើ​អំណោយ​ ៣ លាន​ដុល្លារចូលថវិកាជាតិ ឬមានគម្រោងវិនិយោគចាប់ពី១លានដុល្លារ អាច​ស្នើសុំសញ្ជាតិ​ខ្មែរ​បាន

សង្គម​ និង​សេដ្ឋកិច្ច

ជនបរទេសដែលមានចង់ស្នើសុំសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម លុះត្រាជនបរទេសនោះ​ចំណាយ​ទុន​ផ្ទាល់​ខ្លួន​សម្រាប់​គម្រោង​វិនិយោគ​ត្រឹមត្រូវ ក្នុង​ទឹកប្រាក់​ ៤ ប៊ីលាន​រៀល ឬ​(១ ​លាន​ដុល្លារ) និង ​​ធ្វើ​អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ១២ ប៊ីលានរៀល​ ឬ (៣ ​លាន​ដុល្លារ ) ស្របតាមនីតិវិធី។ ដោយអំណោយនោះត្រូវបង់ចូលថវិកាជាតិ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​អនុក្រឹត្យស្ដីពី​ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ មាត្រា២៩ បានបញ្ជាក់ថា ជនបរទេសណាដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ស្របតាម គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម បានតាមមាត្រា២១នៃច្បាប់ស្តីពីសញ្ជាតិ លុះត្រាតែជនបរទេសនោះបាន៖

១- ចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពី ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀលឡើងទៅ។

២- វិនិយោគស្ថិតនៅក្នុងវិស័យអាទិភាពដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

៣- អនុវត្តប្រភេទគម្រោងវិនិយោគដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

៤- បំពេញលក្ខខណ្ឌផ្សេងទៀត ដូចជាកាតព្វកិច្ចសារពើពន្ធ ផែនការវិនិយោគជាដើម។

មាត្រា៣០ នៃអនុក្រឹត្យនេះក៏បានចែងថា ទុនអនុវត្តគម្រោងវិនិយោគ វិស័យអាទិភាព ប្រភេទគម្រោងវិនិយោគ និងលក្ខខណ្ឌផ្សេងទៀត ក្នុងការវិនិយោគជាក់ស្តែង សម្រាប់ជនបរទេសជាអ្នកវិនិយោគដែលស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវពិនិត្យវាយតម្លៃដោយក្រសួងមហាផ្ទៃ។ ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃអាចពិគ្រោះយោបល់ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យនិងសម្រេច។ ទុនវិនិយោគផ្ទាល់ខ្លួន ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់។

មាត្រា៣១ នៃអនុក្រឹត្យដដែលចែងដែរថា ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យ ស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបានតាមមាត្រា២២នៃច្បាប់ស្តីពីសញ្ជាតិ ក្នុងករណីដែលជននោះ បានធ្វើអំណោយជាសាច់ប្រាក់ចំនួនចាប់ពី១២ ០០០ ០០០ ០០០ (ដប់ពីរប៊ីលាន) រៀលឡើងទៅ។ អំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួន ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់។ អំណោយនោះត្រូវបង់ចូលថវិកាជាតិ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ យោងតាមមាត្រា២៨ នៃអនុក្រឹត្យនេះក៏បានចែងថា ជនដែលត្រូវបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

សូមជម្រាបដែរថា យោងតាមច្បាប់សញ្ជាតិខ្មែរ អនុម័តកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសទទួលសញ្ជាតិខ្មែរតាមរយៈ៖ ការទទួលបានសញ្ញាតិខ្មែរដោយស្មុំកូនពេញលេញ(សុំកូន) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម៕