លោក ត្រាំ លុបចោលគម្រោងដាក់ពន្ធនៅខែក្រោយ លើប្រទេសអឺរ៉ុបជាច្រើន ពាក់ព័ន្ធនឹង Greenland

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលផែនការដាក់ពន្ធគយលើបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន ដែលប្រឆាំងទៅនឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងទៅលើកោះ Greenland ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយថាការសម្រេចចិត្តរបស់លោកនេះ គឺបានកើតឡើង បន្ទាប់ពីលោក និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានឈានដល់ការឯកភាពគ្នាលើក្របខ័ណ្ឌ សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតដែលពាក់ព័ន្ធទៅនឹងកោះ Greenland និងតំបន់អាកទិក។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ក្រោយជួបជាមួយលោក Rutte នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីសថា៖”​ ដំណោះស្រាយនេះ ប្រសិនបើសម្រេចបាន នោះវានឹងក្លាយជាដំណោះស្រាយដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក និងប្រទេសរបស់ណាតូទាំងអស់”។

គួរឲ្យដឹងថា លោក ត្រាំ បានគំរាមកំហែងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយថានឹងគ្រប់គ្រងកោះ Greenland ដែលជាតំបន់ពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការសង្ស័យលើអនាគតនៃសម្ព័ន្ធភាពយោធា NATO និងពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកតម្លៃប្រមាណ ១,៧ពាន់ពាន់លានដុល្លារ។

ជម្រាបជូនថា កន្លងមកលោក ត្រាំ ក៏បានគំរាមកំហែងដាក់ពន្ធ ១០% បន្ថែមលើប្រទេសដាណឺម៉ាក និងប្រទេសអឺរ៉ុបចំនួនប្រាំពីរផ្សេងទៀតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ហើយនឹងបន្តកើនឡើងដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា លុះត្រាតែមានកិច្ចព្រមព្រៀងសម្រាប់សហរដ្ឋអាមេរិកដើម្បីទិញយកកោះ Greenland នេះ៕