ផ្សារទំនើបដ៏ធំកណ្ដាលទីក្រុង San Francisco ប្រកាសបញ្ចប់អាជីវកម្មនាពេលឆាប់ៗ

អន្តរជាតិ

ផ្សារទំនើប Macy’s ដែលមានទីតាំងនៅចំកណ្ដាលទីក្រុង San Francisco បានប្រកាសបញ្ចប់អាជីវកម្មរបស់ខ្លួនឆាប់ៗ ពោលគឺកំពុងស្វែងរកម្ចាស់ថ្មី ហើយពេលដែលលក់ចេញភ្លាម និងបិទផ្សារតែម្ដង។ នេះបើតាមការចុះផ្សាយពីកាសែត SFChronicle។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបិទផ្សារទំនើប Macy’s ដែលមានផ្ទៃក្រឡាជាង ៣៧ ០០០ម៉ែត្រការ៉េ នៅតំបន់ Union Square នេះ គឺជាផ្នែកមួយនៃផែនការបិទផ្សារទំនើប ១៥០កន្លែង ទូទាំងសកលលោករបស់​ក្រុមហ៊ុនមេ Macy’s Inc ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។

បន្ថែមពីនោះ ក៏មានមតិយោបល់មួយចំនួនអះអាងថា ការបិទផ្សារនេះ គឺបណ្ដាលមកពីកត្តាផ្សេងៗទៀតដូចជា កង្វះខាតតម្រូវការរបស់អតិថិជន ដោយបច្ចុប្បន្ននេះ ការបញ្ជាទិញតាមអនឡាញ គឺពេញនិយមជាង ដូច្នេះទើបការលក់នៅក្នុងហាងមិនសូវដាច់​ដូចពេលមុន ស្របពេលនៅទីក្រុង San Francisco ក៏សំបូរអំពើលួចប្លន់ ដែលបង្កអសន្តិសុខផង វារឹតតែធ្វើឲ្យការលក់នៅក្នុងហាងកាន់តែមានហានិភ័យ។

គួសបញ្ជាក់ដែរថា ផ្សារទំនើប Macy’s គឺបានចាប់ផ្ដើមអាជីវកម្មនៅទីក្រុង San Francisco តាំងពីឆ្នាំ ១៩៤៧ មកទល់បច្ចុប្បន្ន ហើយមានក្ដីរំពឹងទុកថា ទម្រាំអាចរកបានម្ចាស់ថ្មី ផ្សារមួយនេះអាចនឹងបន្តប្រតិបត្តិការ រហូតដល់ឆ្នាំ២០២៦ ឯណោះ។

បើទោះជាក្រុមហ៊ុនមេ Macy’s Inc ប្រកាសបិទផ្សារទំនើបដល់ទៅ ១៥០កន្លែងក្ដី ក៏ក្រុមហ៊ុនខ្នាតយក្សមួយនេះ បច្ចុប្បន្នគឺមានខ្សែសង្វាក់ផ្សារទំនើបដល់ទៅជាង ៧០០កន្លែងទូទាំងសកលលោក ដែលកំពុងដំណើរការផងដែរ៕