ប្រធានាធិបតីអាមេរិក បានអះអាងថា វាត្រូវការពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ សម្រាប់លោកដើម្បីចរចាតម្លៃឱសថជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីបានគំរាមដាក់ពន្ធគយរហូតដល់ ២៥% លើគ្រប់ទំនិញទាំងអស់។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២១ ខែមករា លោក ត្រាំ បានថ្លែងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស ដោយលើកឡើងពីសមិទ្ធផលនៃសេដ្ឋកិច្ចអាមេរិក និងគោលនយោបាយដែលបានអនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងពន្ធនាំចូលផងដែរ។
ក្នងអំឡុងពេលនោះដែរ លោក ត្រាំ បានឆ្លៀតចរចាជាមួយប្រធានាធិបតីបារាំង លោក Macron ទាក់ទងទៅនឹងតម្លៃឱសថតាមវេជ្ជបញ្ជា។ លោកបានស្នើឲ្យលោក Macron ដំឡើងថ្លៃថ្នាំពេទ្យនៅបារាំង ដោយសារតែតម្លៃនៅសហរដ្ឋអាមេរិកខ្ពស់ជាងរហូតដល់ ១៣-១៥ ដងឯណោះ។ លោកក៏បានលើកឧទាហរណ៍នៃថ្នាំគ្រាប់ដែលមានតម្លៃ ១៣០ដុល្លារនៅអាមេរិក ប៉ុន្តែត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ១០ដុល្លារ នៅបារាំង។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីងាមេរិក បាននិយាយទៀតថា លោកបានព្រមានប្រទេសបារាំងថា ពួកគេនឹងប្រឈមមុខនឹងពន្ធនាំចូលយ៉ាងច្រើន លុះត្រាតែតម្លៃឱសថត្រូវបានកើនឡើងទ្វេដង ឬបីដង ពីព្រោះពួកគេទទួលបានអត្ថប្រយោជន៍ពីការបោកប្រាស់នេះយូរពេកហើយ។ ដំបូងឡើយ លោក Macron បានបដិសេធលើរឿងនេះ។
ប៉ុន្តែទោះជាយ៉ាងណា លោក ត្រាំ បាននិយាយទៀតថា លោកនឹងដាក់ពន្ធ ២៥% លើផលិតផលទាំងអស់ និង ១០០% លើស្រាក្រហម និងស្រាសំប៉ាញបារាំង ប្រសិនបើពួកគេមិនព្រមដំឡើងតម្លៃលើឱសថទេនោះ។ ក្រោយមក លោក Macron ក៏បានយល់ព្រម។
យ៉ាងណាមិញ ក្រោយកិច្ចចរចានេះ លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ជាមធ្យម វាត្រូវការពេលត្រឹមតែបីនាទីប៉ុណ្ណោះសម្រាប់ប្រទេសនានា ដើម្បីនិយាយរឿងទាំងនេះដូចគ្នា៕

