ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណដល់ លោកជំទាវឧកញ៉ា ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ២០លានរៀល និងសម្ភារៈមួយចំនួន ដើម្បីជួយដល់បុគ្គលិកអប់រំ និងសិស្សភៀសសឹក។

ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសារថ្លែងអំណរគុណនៅលើទំព័រហ្វេសប៊ុក បែបនេះថា៖ “តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណដល់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានចូលរួមចំណែកជាថវិកាចំនួន ២០ ០០០ ០០០ រៀល (ម្ភៃលានរៀល) សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃ មកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕




