កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាបង្កើនទំហំពាណិជ្ជកម្ម ដើម្បីជំរុញ និងរឹតចំណងទំនាក់ទំនងទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាជំរុញ និងរឹតចំណងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោកស្រី Tanu Priya អនុប្រធានបេសកកម្មទទួលបន្ទុកពាណិជ្ជកម្ម និងនយោបាយ នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាខាងលើ ភាគីទាំងពីរបានពិភាក្សាការងារមួយចំនួនទៀត សំដៅជំរុញ និងរឹតចំណងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីទៅវិញទៅមករវាងវិស័យឯកជននៃប្រទេសទាំងពីរ និងមានភាពប្រទាក់ក្រឡាគ្នាក្នុងវិស័យសក្តានុពល ព្រមទាំងកិច្ចសហការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល វិស័យឯកជននិងវិស័យឯកជន ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មនិងកែច្នៃ ឱសថ ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការបើកច្រកទីផ្សារទ្វេភាគី និងតំបន់ ជាពិសេសទីផ្សារអាស៊ាន ជាដើម។

តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតឥណ្ឌា ក៏បានជជែកពិភាក្សាលើយន្តការទ្វេភាគី និងតំបន់ដែលមានស្រាប់ ក្នុងការជំរុញយន្តការនេះឱ្យមានសកម្មភាពកាន់តែផុសផុល និងមានផ្លែផ្កាកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

សូមរម្លឹកដែរថា នៅក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតរបស់ឥណ្ឌា កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ បានឱ្យដឹងថា ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកម្ពុជា និងឥណ្ឌា មានការកើនឡើង ប៉ុន្ដែកំណើននេះមិនទាន់ឆ្លើយតបចំពោះសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ពោលមានចំនួនត្រឹមជាង៣៤០លានដុល្លារប៉ុណ្ណោះ។ សម្ដេចតេជោចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគមានកំណើនបន្ថែមទៀត ឱ្យស្របទៅនឹងសក្ដានុពលរបស់ប្រទេសទាំងពីរបច្ចុប្បន្ននេះ៕អត្ថបទ៖ហ្សាលីន