អ្នកវិនិយោគចិន មានបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្របន្ថែមនៅខេត្តតាកែវ ក្នុងពេលឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមអ្នកវិនិយោគមកពីប្រទេសចិន បានបង្ហាញពីបំណងរបស់ខ្លួនដោយចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សានោះ លោក វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ គម្រោងវិនិយោគដែលមានស្រាប់ បាននិងកំពុងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ពីមូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន  ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ រដ្ឋបាលខេត្តតែងតែផ្ដល់ភាពងាយស្រួល និងជួយសម្របសម្រួលរាល់នីតិវិធីនានាជូនដល់អ្នកវិនិយោគទុនគ្រប់រូប។

ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានសម្តែងនូវការកោតសរសើរ និងមានចំណាប់អារម្មណ៍ខ្ពស់បំផុត ក្រោយពីបានសិក្សាពីសក្ដានុពលដ៏អំណោយផលរបស់ខេត្តតាកែវ។ តំណាងក្រុមអ្នកវិនិយោគចិន បានបញ្ជាក់ថា «យើងពិតជាមានបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ លើសពីនេះ យើងនឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន