ប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា បានមកជួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC។

ជំនួបនេះ បានធ្វើឡើងក្រោមវត្តមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC ។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានធ្វើបង្ហាញពីវឌ្ឍនភាព និងផែនការសកម្មភាពការងាររបស់ខ្លួនសម្រាប់ជំហានបន្ទាប់ដែលត្រូវអនុវត្តបន្ត ដែលក្នុងនោះរួមមានដូចជាការធ្វើ Market Sounding ដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោងនិងទាក់ទាញអ្នកវិនិយោគ លក្ខខណ្ឌនិងនីតិវិធីនៃការជ្រើសរើសក្រុមហ៊ុនវិនិយោគ និងការវាយតម្លៃផ្តល់កិច្ចសន្យាគម្រោងជាដើម។
តាមរយៈជំនួបពិភាក្សាខាងលើ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានខិតខំសហការជាមួយមន្រ្តីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះវឌ្ឍនភាពនៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC នេះ និងបានណែនាំឱ្យក្រុមការងារបន្តសហការជាមួយមន្រ្តីជំនាញនៃក្រសួងទាំង២ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជំរុញឱ្យការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មនេះ អាចទទួលបានការចាប់អារម្មណ៍និងវិនិយោគពីវិស័យឯកជនជាដើម៕អត្ថបទ៖ហ្សាលីន


