(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បុរី មេគង្គ លែន (Borey Mekong Land)
និង ធនាគារ ចិន (Bank of China) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី» ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់ជូននូវសេវាកម្មឥណទានគេហដ្ឋានប្រកបដោយទំនុកចិត្ត និងអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ប្រជាជនកម្ពុជា។

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ អ្នកស្រី ស្រ៊ុន គីមណាយ នាយកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នៃ បុរី មេគង្គ លែន និង លោក Yeung Kin Man អនុអគ្គនាយកប្រតិបត្តិនៃធនាគារ ចិន (Bank of China) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ។
កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងជួយឱ្យអតិថិជនសម្រេចក្តីស្រមៃក្នុងការធ្វើជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួន កាន់តែងាយស្រួល និងមានប្រសិទ្ធភាព តាមរយៈការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍលំនៅឋានប្រកបដោយគុណភាពរបស់ បុរី មេគង្គ លែន និងសេវាកម្មហិរញ្ញវត្ថុកម្រិតអន្តរជាតិរបស់ធនាគារ ចិន ។
កញ្ចប់ឥណទានពិសេសសម្រាប់អតិថិជន បុរី មេគង្គ លែន តាមរយៈកិច្ចសហការនេះ ធនាគារ ចិន នឹងផ្តល់ជូននូវលក្ខខណ្ឌឥណទានដ៏ល្អប្រសើររួមមាន៖
- អត្រាការប្រាក់ទាបពិសេស ត្រឹមតែ ៦.២០% ក្នុងមួយឆ្នាំ
- រយៈពេលឥណទានវែងរហូតដល់ ២០ឆ្នាំ
- ទំហំឥណទានចាប់ពី ៣០,០០០ដុល្លារ ឡើងទៅ
- កម្រៃសេវាអនុម័តកម្ចីត្រឹមតែ ០.៥%
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានោះផងដែរ លោកស្រី ស្រ៊ុន គីមណាយ បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខានាថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីចក្ខុវិស័យរួមដ៏ច្បាស់លាស់ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតជូនដល់ប្រជាជនកម្ពុជា ។ ភាពជាដៃគូនេះនឹងត្រួសត្រាយផ្លូវឱ្យអតិថិជនរបស់យើង ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃប្រកបដោយគុណភាព រួមជាមួយលក្ខខណ្ឌហិរញ្ញវត្ថុដ៏ប្រសើរពី ធនាគារ ចិន» ។
បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។
គួរបញ្ជាក់ផងដែរថា ធនាគារ ចិន (Bank of China) ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១០ ដោយសាខារាជធានីភ្នំពេញគឺជាផ្នែកដ៏សំខាន់មួយនៃ គ្រុបធនាគារ ចិន (Bank of China Group) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេលំដាប់សកល និងមានប្រវត្តិចូលរួមចំណែកក្នុងវិស័យនេះអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងពិភពលោក ធនាគារ ចិន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះបណ្តាញទំនាក់ទំនងអន្តរជាតិ និងឧត្តមភាពលេចធ្លោក្នុងប្រតិបត្តិការអាជីវកម្មជារូបិយបណ្ណយ័នចិន (RMB)។
នៅក្នុងប្រទេសកម្ពុជា សាខាធនាគារនេះកាន់កាប់អាជ្ញាបណ្ណធនាគារជាសកល (Universal Banking License) ហើយតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង ១០ ក្នុងប្រទេស ផ្អែកលើទំហំទ្រព្យសកម្មសរុប និងប្រាក់បញ្ញើ។ ជាមួយនឹងការប្តេជ្ញាចិត្តលើការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ធនាគារ ចិន នៅតែបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយដល់សហគ្រាស និងគ្រួសារកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។







