កម្ពុជា-ជប៉ុន សហការបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ ពិសេសការជំរុញពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអមដំណើរ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. និង លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (CPCC) នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងលើសកម្មភាពការងារដែលមានកន្លងមក ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍលំនៅដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងជប៉ុន បន្ទាប់ពីក្រុមហ៊ុន Kojima Holdings បានបើកដំណើរការក្រុមហ៊ុន KOJIMAGUMI Cambodia Co., Ltd. នៅកម្ពុជា ក្នុងឆ្នាំ២០១៣ និងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងឆ្នាំ២០២២ នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា។

លើសពីនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីអំពីការសហការ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ កសិកម្ម គម្រោងស្រាវជ្រាវ ព្រមទាំងការបណ្តុះបណ្តាល និងការទទួលយកវិស្វករកម្ពុជាមកបម្រើការងារក្នុងប្រទេសជប៉ុន ផងដែរ។

ក្នុងឱកាសនោះផងដែរ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដើម្បីពិភាក្សា អំពីវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌល CPCC ការរៀបចំសិក្ខាសាលាធុរកិច្ចប្រចាំខែ ការផ្សព្វផ្សាយជំរុញផលិតផលខ្មែរ និងគម្រោងរៀបចំកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ជាមួយនឹងការសម្របសម្រួល និងដឹកនាំក្រុមអ្នកវិនិយោគជប៉ុន ទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦នេះ៕