គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥ នេះ កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសមានបរិមាណសរុបជាង ១១ លានតោនក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករជាង៥,២៨លានតោន ស្រូវមានជាង៥, ២៤លានតោន និងអង្ករជាង ៥៩ម៉ឺនតោន ទៅកាន់ទិសដៅ ៨៨ប្រទេស ដោយមានការកើនឡើងជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៩ខែឆ្នាំ២០២៥ បានបង្ហាញថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥កន្លងមកនវ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំមានជាង ៣ ៨៨៨ លានដុល្លារ ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង២ ៣៧៨លានដុល្លារ តម្លៃពីការនាំចេញស្រូវមាន ១ ០៥៤ លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានជាង៤៥៥ លានដុល្លារ។
បើតាមរយបាយការខាងលើ, ការនាំចេញផលិតផលដំណាំសំខាន់ៗនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះមាន ស្រូវនាំចេញកើនឡើង៦៧,០៣% អង្ករកើនឡើង៣៣,៧៤% ដំឡូងមីស្រស់ថយចុះ១៦,៥៧% ចំណិតដំឡូងមីក្រៀមកើនឡើង៥៧,៦២% គ្រាប់ស្វាយចន្ទីកើនឡើង៩,៥៣% ផ្លែស្វាយស្រស់ថយចុះ៤,០៤% ផ្លែចេកស្រស់កើនឡើង៣៣,៣២% គ្រាប់ពោតកើនឡើង១១៦,៩៦% ផ្លែមៀនស្រស់កើនឡើង២៩,០៩% និងផលិតផលដំណាំចំនួន៩៥មុខផ្សេងទៀតកើនឡើង១០,០១%។

បាយការណ៍បានបញ្ជាក់ថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣០,៤៣ភាគរយ ក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖(១)ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៥៧,៦២% និងម្សៅដំឡូងមីកើនឡើងចំនួន ៨៣,៤៩% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤។ (២)ការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ ពោលគិតត្រឹមរយៈពេល ៩ខែឆ្នាំ២០២៥នេះការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន២៧,៥៤ភាគរយបើធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៤។
របាយការណ៍ធ្វើការសន្និដ្ឋានថា ស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មានការកើនឡើងចំនួន២,៥លានតោន ក្នុងនោះការនាំចេញស្រូវកើនឡើងជាង២,១លានតោន។ ការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករកើនឡើងជាង៣៤ម៉ឺនតោន និងការនាំចេញអង្ករកើនឡើងជាង១៥ម៉ឺនតោន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

