ខេត្តក្រចេះ ដាក់គោល​ដៅទាញ​ភ្ញៀវ​ទេសចរ​​ឲ្យបាន​យ៉ាង​ហោច ១៨ម៉ឺននាក់ នៅឆ្នាំ២០២៥

សង្គម​និង​សេដ្ឋកិច្ច

ខេត្តក្រចេះ បានដាក់ចេញផែនការគោលដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងហោចណាស់​ឲ្យបានជាង​១៨ម៉ឺននាក់ មកកម្សាន្ត នៅឆ្នាំ២០២៥ ។ នេះបើតាមយោងតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន២០២១-២០២៥ របស់ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីទាក់ទាញភ្ញៀវឲ្យបានតាមផែនការដែលបានកំណត់ មន្ទីរទេសចរណ៍ខេត្តក្រចេះ មានគម្រោងប្រែក្លាយខេត្តជាប់ទន្លេ​​មេគង្គមួយ​​នេះ ទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញ​​ជាងគេ​​នៅក្នុងតំបន់ភូមិឦសាន្ត តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឱ្យកាន់តែទាក់ទាញ មានបង្កើតនូវ​ព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ នៅក្នុងផែនអភិវឌ្ឍទេសចរណ៍២០២១-២០២៥របស់ខេត្តមានចំនួន៨ ចំណុច ដែលនៅក្នុងនោះរួមមាន ១.ការអភិវឌ្ឍផលិតផលទេសចរណ៍ ២.ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលការធ្វើដំណើរទេសចរណ៍ ៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង ៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ ៧. ការវិនិយោគក្នុង​​វិស័យ​ទេសចរណ៍ ៨. ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។

គួររម្លឹកថា កាលពីឆ្នាំឆ្នាំ២០១៩កន្លងទៅ ភ្ញៀវដែលមកលេងកម្សាន្តក្នុងខេត្តក្រចេះ សរុបរួមទាំងភ្ញៀវ ជាតិ និងអន្តរជាតិ មានចំនួនជាង១០ម៉ឺននាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨កើនឡើងចំនួនជាង៣៦០០នាក់ស្មើនឹង​ប្រមាណ៤ភាគរយ។

តាមការសិក្សាកន្លងមក បានបង្ហាញឱ្យឃើញថា ខេត្តក្រចេះគឺជាខេត្តមួយ​ដែល​​ភ្ញៀវធ្វើដំណើរ​ឆ្លងកាត់ និងស្នាក់នៅលំហែ ចាប់ពីឆ្នាំ២០១៦រហូតមកដល់ឆ្នាំ២០១៩ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមាន ការកើនឡើងគួរឱ្យកត់សំគាល់ក្នុង​​អត្រា​កំណើន​​ប្រមាណ១០ភាគរយ និងបានស្នាក់នៅមិនតិចជាង២យប់ ៣ថ្ងៃ ហើយក៏មានភ្ញៀវប្រមាណ៨០ភាគរយជាភ្ញៀវ​របស់​​ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវជាលក្ខណៈគ្រួសារ និងឯកជនឆ្លងកាត់ និងទស្សនាតែតំបន់ដែលពួកគេចាប់អារម្មណ៍​ដូចជា​សហគមន៍អេកូទេសចរណ៍កោះទ្រង់ជាដើម តែរយៈពេល១ម៉ោងទៅ៣ម៉ោង និងមួយចំនួនប្រមាណ២ភាគរយ នៃភ្ញៀវមកកម្សាន្តលើកោះផ្សេងៗទៀត រួចបន្តដំណើរទៅកាន់ខេត្តផ្សេងទៀត ភ្ញៀវចំនួន៥ភាគរយ ក្រៅពីនេះបាន​ទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ដែលគេស្នាក់នៅគិតជាមធ្យមប្រមាណ២យប់នៅទីនោះ ដើម្បីទស្សនា​សហ​​គមន៍នេសាទ ជនជាតិភាគ តិច និងកសិទេសចរណ៍ជាដើម។

គិតជាមធ្យមទេសចរ​​បរទេសម្នាក់ចំណាយត្រឹមតែ២៤០,០០០រៀល ហើយភ្ញៀវជាតិចំណាយក្នុង១នាក់ប្រមាណជា ១៣០,០០០ រៀល។

គួរបញ្ជាក់ថា នាឱកាសឆ្លងឆ្នាំសាកល ២០២២ ឆ្លងចូល២០២៣ រយៈពេល២ថ្ងៃ ខេត្តក្រចេះទទួលភ្ញៀវទេសចរសរុប ៣,០២០នាក់ (ទេសចរជាតិ ២,៨៦២នាក់ ទេសចរអន្តរជាតិ ១៥៨នាក់)៕