នៅក្នុងមួយខែមករា នៃឆ្នាំ២០២៦ ប្រទេសចិនបានឈរនៅលេខរៀងទី១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ស្មើនឹង៣៥.៩០% នៃការវិនិយោគសរុប ខណៈប្រទេសម៉ាឡេស៊ី ឈរលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែកប្រមាណ២៦,៥៨% នៃទុនវិនិយោគសរុប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

ក្នុងខែមករា ឆ្នាំ២០២៦នេះដែរ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣.៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ០.៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។
ចំណែកការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី៣ ដោយបានចូលរួមចំណែកប្រមាណ២៦,៥៨% នៃទុនវិនិយោគសរុប ។តាមពីក្រោយកម្ពុជា គឺប្រទេសសិង្ហបុរី មានចំណែកវិនិយោគ ៥.៩៨%៕ អត្ថបទ៖ ហ្សាលីន

