បើកទំព័រដើមឆ្នាំថ្មីកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមឡើងឆាកអន្តរជាតិជាថ្មីម្តងទៀតហើយ ដោយបានត្រៀមបញ្ចេញ MV ជាមួយនឹងអ្នកចម្រៀងលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់ច្រៀងជាមួយស្ដេចរ៉េបរបស់អាមេរិក ក្នុងគោលបំណងដ៏អស្ចារ្យផ្សព្វផ្សាយវិស័យចម្រៀងរបស់ខ្មែរយើងទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។

កន្លងមកកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននាំបទចម្រៀងល្បីៗជាច្រើនរបស់ខ្លួនឡើងទៅឆាកអន្តរជាតិរួចមកហើយ ថែមទាំងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យរូបលោកបញ្ចេញនូវបទចម្រៀងបែបនោះទៅលើឆាកអន្តរជាតិឱ្យបានច្រើនថែមទៀត។

អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបង្ហើបប្រាប់អំពីដំណឹងល្អដែលរូបលោកបានចាប់ដៃគ្នាជាមួយតារាចម្រៀង អាមេរិក C-Tru ដែលធ្លាប់ច្រៀងរួមគ្នាជាមួយ Snoop dogg ស្តេចរ៉េបរបស់អាមេរិក បានផលិត MV ចម្រៀងថ្មីមួយរួចរាល់ហើយ រង់ចាំតែថ្ងៃល្អមកដល់ និងទម្លាក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នៅថ្ងៃទី២៤មករានេះបានបញ្ជាក់ច្បាស់ៗថា « ខ្ញុំបានច្រៀងរួមគ្នានិងថត MV រួចរាល់តាំងពីមុនសង្រ្គាមម្ល៉េះ ប៉ុន្តែបន្ទាប់ពីមានសង្រ្គាមយើងមិនអាចចេញលើទីផ្សារបានទេ តើពេលនេះពួកយើងខ្ញុំអាចេញបទនេះនៅលើទីផ្សារជាតិ និងអន្តរជាតិបានដែរឬទេបងប្អូន ? ព្រោះចេតនាពួកយើងចង់រួមចំណែកផ្សព្វផ្សាយវិស័យចម្រៀងខ្មែរឱ្យបានទូលំទូលាយ ទៅកាន់ពិភពលោកតែប៉ុណ្ណោះ »។

ថ្វីដ្បិតតែបង្ហាញពីសមិទ្ធផលថ្មីរបស់ខ្លួនជាមួយតារាចម្រៀង អាមេរិក C-Tru ក៏ពិតមែន ប៉ុន្តែកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នៅពុំទាន់បង្ហាញប្រាប់ពីពេលវេលាច្បាស់លាស់នៅក្នុងការទំលាក់ MV ថ្មីរបស់ខ្លួននៅពេលណាមួយនៅឡើយទេ ដើម្បីទុក Surprise អ្នកកាំទ្រខ្លួន ។
ទោះជាយ៉ាងនេះក្តី ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនថា MV ចម្រៀងរបស់ខ្លួននិង C-Tru ចេញក្នុងពេលឆាប់ៗ …៕



