ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះថា ការអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន របស់ឯកឧត្តម ប្រាក់ សុខុន គឺតបតាមការ អញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។
ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែល ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជា ប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
ក្រសួងការបរទេសបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងវិធានការតាមដានចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និង ថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
គួរបញ្ជាក់ដែរថា ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបដាច់ដោយ ឡែកជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក។


