លើកដំបូងហើយថៃដឹកជញ្ជូនផ្លែឈើទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ចំនួន ៦០តោន

សង្គម​និង​សេដ្ឋកិច្ច

ផ្លែឈើថៃត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវជាលើកដំបូង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈវិទ្យុចិននៅកម្ពុជា បានឲ្យដឹងថា ផ្លែឈើដឹកទៅកាន់ប្រទេសចិនជើងនេះនឹងដាក់លក់ក្នុងទីផ្សារនៅក្រុង Kunming មុនបណ្យឆេងម៉េងតាមការប៉ាន់ប្រមាណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីដឹកជញ្ជូនទៅកាន់ក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ ធុរេនចំនួន៤០តោននិងដូងចំនួន២០តោន ដែលផលិតនៅថៃបានដឹកពីស្ថានីយភាគខាងត្បូងក្រុងវៀងច័ន្ទនៃផ្លូវដែកចិន-ឡាវនៅថ្ងៃទី១ ខែមេសា ហើយត្រូវដឹកជញ្ជូនទៅដល់ខេត្តLouangNamthaប្រទេសឡាវដែលជាប់ព្រំដែនជាមួយខេត្ត Yunnan ប្រទេសចិន។

តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនដែលទទួលបន្ទុកដំណើរការកំណាត់ឡាវនៃផ្លូវដែក ចិន-ឡាវ តទៅថ្ងៃមុខ នឹងមានកសិផលថៃកាន់តែច្រើនដឹកជញ្ជូនទៅកាន់ប្រទេសចិនឬទ្វីបអឺរ៉ុបតាមរយៈផ្លូវដែកចិន-ឡាវ ដែលរំលេចថែមមួយកម្រិតទៀតពីតួនាទីសំខាន់របស់ផ្លូវដែកចិន-ឡាវក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ផ្លូវ​ដែករវាងក្រុង​វៀងចន្ទន៍ និង​ក្រុង Kunming ​នេះ​ ជា​ការភ្ជាប់​ជាមួយបណ្តាញផ្លូវ​រទេះភ្លើង​មួយ​ក្នុង​ពេលអនាគត​ដែលភ្ជាប់​ប្រទេស​ចិន​ជា​មួយប្រទេស​ថៃ ​ប្រទេស​វៀតណាម​ មីយ៉ាន់ម៉ា ​ម៉ាឡេស៊ី​ និង​សិង្ហបូរី។ ការណ៍​នេះ​ នឹងនាំ​ឱ្យប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ ​មានការចូល​ទាក់ទង​ច្រើន​ជាង​មុនជាមួយកំពង់ផែ​ និង​ផ្សារ​នាំទំនិញ​ចេញ​ក្រៅ​ប្រទេស។

ផ្លូវ​ដែកដែលកសាង​ដោយ​ប្រទេស​ចិននេះ ​មាន​តម្លៃ​៥,៩ ពាន់​ លាន​ដុល្លារ ​ដែល​ភ្ជាប់​ប្រទេស​ឡាវ​សំបូរ​ភ្នំ​ និង​មិនជាប់​នឹង​សមុទ្រ​ទៅ​នឹងផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងបង្កើន​ពាណិជ្ជកម្ម។

ផ្លួវ​ដែក​នេះ​ ជាគម្រោងការ​មួយ​ក្នុង​បណ្តា​គម្រោងការរាប់​រយ​នៃការផ្តើមគំនិតផ្លូវ​ក្រវាត់ពាណិជ្ជ​កម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ស្ថាបនា​កំពង់​ផែ ផ្លូវរទេះភ្លើងនិងហេដ្ឋារចនា​សម្ព័ន្ធ​ឯ​ទៀតៗ​នៅ​ទូទាំងទ្វីប​អាស៊ី ​អាហ្វ្រិក​ និង​តំបន់​មហា​សមុទ្រប៉ាស៊ីហ្វិក៕