ក្រសួង៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជំរុញកំណើនសេដ្ឋកិច្ច និងដឹកជញ្ជូនឱ្យកាន់តែរីកចម្រើន

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំ សប្តាហ៍ទី១ នៃខែកញ្ញា របស់ក្រសួងសាធារណការ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសាងសង់ផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា ​ព្រោះ​ផ្លូវល្បឿ​ន​លឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។

ក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រដ្ឋាភិបាល បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាដើម្បីចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យបានឆាប់។

របាយការណ៍សិក្សារបស់ក្រុមហ៊ុន China Railway International Group បានឲ្យដឹងថា យោង​តាម​ទីតាំង​ភូមិសាស្ត្រ និង​ផល​ប៉ះពាល់ ផ្លូវ​នេះ​នឹង​ត្រូវ​រចនា​ក្នុង​ល្បឿន​អតិបរមា ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​វៀតណាម។

ក្រសួងសាធារណការ បានបង្ហាញថា គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ ហើយ​នឹង​មាន​ប្រវែង​សរុប ១៣៥​គីឡូម៉ែត្រ កាត់​តាម​ខេត្ត​កណ្តាល ព្រៃវែង និង​ស្វាយរៀង មុន​នឹង​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​បាវិត ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ពាក់ព័ន្ធគម្រោងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ។

គួររម្លឹកថា បច្ចុប្បន្នកម្ពុជា បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ហើយត្រៀមនឹងបើកសាកល្បងនាដើមខែតុលា ឆ្នាំ២០២២នេះ។ យ៉ាងណា ប្រសិនបើមិនមានអ្វីប្រែប្រួលទេ នៅមិនយូរប៉ុន្មាន កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មួយទៀតនៅពេលឆាប់ៗនេះ៕

148 Shares