ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ឬប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង៣ ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមរបាយការណ៍នៃការប្រមូលចំណូលពន្ធដារឆ្នាំ២០២៥ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

គួរបញ្ជាក់ដែរថា បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងប្រមូលចំណូលពីពន្ធដារឱ្យបានចំនួន ១៣ ២៩២ ប៊ីលានរៀល ឬប្រមាណ៦,១២ ភាគរយ នៃ ផ.ស.ស.។

គួរឱ្យដឹងដែរថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត រួមមាន លោក ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានថ្នាក់កណ្តាល សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារផងដែរ។