ក្រុមហ៊ុន Micron គ្រោងបោះទុនវិនិយោគបន្ថែម ២៤ពាន់លានដុល្លារ ក្នុងរោងចក្រនៅសិង្ហបុរី​

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់សហរដ្ឋអាមេរិក Micron Technology ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចំណាយទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការផលិតបន្ទះឈីបនៅក្នុងរោងចក្ររបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Micron បាននិយាយថា ការវិនិយោគនេះ នឹងពង្រីកដល់ប្រតិបត្តិការផលិតបន្ទះឈីបអង្គចងចាំ NAND របស់ខ្លួន។ NAND គឺជាប្រភេទបន្ទះឈីបអង្គចងចាំដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកុំព្យូទ័រយួរដៃ ម៉ាស៊ីនមេ និងស្មាតហ្វូន។

គួរឲ្យដឹងថា តម្រូវការសម្រាប់បច្ចេកវិទ្យា NAND បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជំរុញដោយការពង្រីកយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីផ្តោតលើទិន្នន័យ។ ហើយដើម្បីឆ្លើយតបទៅនឹងកង្វះខាតនេះ ក្រុមហ៊ុន Micron និងដៃគូប្រកួតប្រជែងផ្សេងទៀត រួមទាំងក្រុមហ៊ុន Samsung Electronics និង SK Hynix កំពុងព្យាយាមបង្កើនទិន្នផលរបស់ខ្លួន។

ជម្រាបជូនផងដែរថា រោងចក្ររបស់ក្រុមហ៊ុន Micron នៅសិង្ហបុរី ត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយសម្រាប់បណ្តាញផលិតកម្មក្នុងតំបន់អាស៊ីនរបស់ខ្លួន ដោយក្នុងនោះក៏រួមមានរោងចក្រផ្សេងទៀត នៅក្នុងប្រទេសចិន តៃវ៉ាន់ ជប៉ុន និងម៉ាឡេស៊ី ផងដែរ៕​