អ្នកឧកញ៉ា គិត ម៉េង ណែនាំឱ្យសភាពាណិជ្ជកម្មខេត្ត និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស ដើរតួនាទីកាន់តែសកម្ម ក្នុងការជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម និងលើកស្ទួយ ម៉ាកយីហោផលិតផលកម្ពុជា នៅក្នុងទីផ្សារសកល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិ គ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានផ្តល់អនុសាសន៍ឱ្យសភាពាណិជ្ជកម្មខេត្ត និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស ឱ្យពង្រឹងតួនាទីកាន់តែសកម្ម ក្នុងការជួយសម្របសម្រួលឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ចូលទៅក្នុងប្រព័ន្ធផ្លូវការ បង្កើនសមត្ថភាពប្រកួតប្រជែង និងលើកស្ទួយម៉ាកយីហោ ផលិតផលកម្ពុជា ទៅក្នុងទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងក្នុងឱកាសអញ្ជើញជាគណៈអធិបតី បើកពិធីមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿនសម្រាប់វិស័យឯកជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងគាំទ្រកំណើនសេដ្ឋកិច្ច ដែលត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងអត្រាប្រមាណ ៥ភាគរយ។

ថ្លែងទៅកាន់ប្រធានសភាពាណិជ្ជកម្មខេត្ត អ្នកឧកញ៉ា ប្រធាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នកាកបាទក្រហមកម្ពុជា សហព័ន្ធយុវជនកម្ពុជា អង្គភាពពាក់ព័ន្ធនានា និងពង្រឹងភាពជាដៃគូអាជីវកម្មរវាងវិស័យឯកជនកម្ពុជា និងប្រទេសជិតខាង។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្ត គឺជាចំណុចបង្គោលសម្រាប់ការជួយរៀបចំឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ចូលទៅក្នុងប្រព័ន្ធផ្លូវការ ដោយកត់សម្គាល់ថា ការចុះបញ្ជីផ្លូវការ នឹងអនុញ្ញាតឱ្យអាជីវកម្មក្នុងស្រុក ទទួលបានអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាតិ និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ អ្នកឧកញ៉ា ប្រធាន ក៏បានជំរុញឱ្យសភាពាណិជ្ជកម្មខេត្ត កំណត់ឧត្តមភាពប្រកួតប្រជែងរបស់ខេត្តនីមួយៗឱ្យបានច្បាស់លាស់ ដោយលើកយកវិស័យទេសចរណ៍នៅខេត្តសៀមរាប ការកែច្នៃកសិផលនៅខេត្តកំពង់ធំ និងវិស័យភស្តុភារកម្មនៅខេត្តព្រះសីហនុ ជាឧទាហរណ៍នៃភាពរឹងមាំផ្នែកសេដ្ឋកិច្ចក្នុងស្រុក ដែលគួរត្រូវបានអភិវឌ្ឍន៍បន្ថែមទៀត។

ចំពោះការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីតួនាទីរបស់ពួកគេថា ជា «អ្នកតភ្ជាប់ទំនាក់ទំនងធុរកិច្ចជួរមុខ» របស់កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ ដោយជំរុញឱ្យរៀបចំជំនួបពិភាក្សាធុរកិច្ច (B2B) ឱ្យកាន់តែសកម្ម ដើម្បីបង្កើតលទ្ធផលជាក់ស្តែង រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (SEZ)។

អ្នកឧកញ៉ា ប្រធាន បានសង្កត់ធ្ងន់ថា បេសកកម្មចម្បងរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសទាំងអស់ គឺត្រូវដើរតួជាច្រកទ្វារយុទ្ធសាស្ត្រ ក្នុងការធានាថា ម៉ាកយីហោ «ផលិតនៅកម្ពុជា» ឲ្យក្លាយជាសញ្ញាសម្គាល់នៃគុណភាព និងភាពជឿជាក់ នៅក្នុងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស ប្រើប្រាស់វេទិការបស់ខ្លួន ដើម្បីកែប្រែមតិអន្តរជាតិ និងបង្ហាញថា កម្ពុជា ជា «ច្រកទ្វារដែលគាំទ្រធុរកចិ្ចចូលទៅកាន់តំបន់អាស៊ាន»។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា មិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាតំណាងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ាប្រធាន បានគូសរំលេចផងដែរថា ការរួមចំណែកដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជន គឺការបង្កើតឱកាសឱ្យវិស័យឯកជន អាចចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត ជាពិសេសតាមរយៈវេទិការដ្ឋាភិបាល–ផ្នែកឯកជន (G-PSF) លើកទី៩ ដែលបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវេទិកានេះ ភាគីទាំងពីរ បានរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ជាច្រើន ក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម ដោយទទួលបានជោគជ័យជាបន្តបន្ទាប់។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅអគារសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ថ្នាក់ដឹកនាំក្រុមការងារវិស័យឯកជន (G-PSF), ថ្នាក់ដឹកនាំការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស និងដៃគូពាក់ព័ន្ធ ក៏ដូចជា សមាជិក សមាជិការ នៃសភាពាណិជ្ជកម្មកម្ពុជា យ៉ាងច្រើនកុះករ។

ការរៀបចំមហាសន្និបាតនេះ ក្នុងគោលបំណងបង្ហាញរបាយការណ៍សកម្មភាពការងារ និងស្ថានភាពហិរញ្ញវត្ថុ ព្រមទាំងបង្ហាញអំពីសមិទ្ធផលនៃការខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការគាំទ្រដល់អាជីវកម្ម ក៏ដូចជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងភាពប្រកួតប្រជែង ការទាក់ទាញការវិនិយោគ និងការភ្ជាប់អាជីវកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ 

ជាមួយគ្នានេះផងដែរ ក្នុងមហាសន្និបាតនេះ ក៏នឹងមានការលើកឡើងអំពីបញ្ហាប្រឈមនានា និងសំណើរដោះស្រាយ ក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ថាមពល អប់រំ និងវិស័យផ្សេងៗទៀត។  បន្ថែមពីនេះ កម្មវិធី ក៏មានការរៀបចំស្តង់ពិព័រណ៍ផលិតផលរបស់សមាជិក សមាជិការ សភាពាណិជ្ជកម្មកម្ពុជា ដែលមានប្រមាណជិត ៨០ស្តង់ និងមានក្រុមហ៊ុន និងស្ថាប័នចូលរួមប្រមាណជាង ១០០ក្រុមហ៊ុន៕